ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងលោកឧត្តសេនីយ៍ត្រី ចាប សុផាឬទ្ធិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ច អាជ្ញាធរក្រុង ដោយមានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបងខេត្ត បានចុះបង្ក្រាបតូបលក់ស្រាក្លែងក្លាយមួយកន្លែងយីហោ ប៉ារីស វីស្គី ហ្សប ដែលមានម្ចាស់ហាងឈ្មោះហេង ស្រីពៅ។

លទ្ធផលរកឃើញស្រាក្លែងក្លាយ មាន Johnnie Walker ៤១ដប ស្ថិតនៅម្តុំផ្ទះល្វែងភែរើម៉ែកស៍ ទឹកពុះ នៃបរិវេណកាស៊ីណូផ្កាយ៥។

ប្រជាពលរដ្ឋបានសម្តែងការងឿងឆ្ងល់ជាខ្លាំង ខណៈឃើញសមត្ថកិច្ចចម្រុះចុះបង្ក្រាបនិងដកហូតបានស្រាក្លែងក្លាយម៉ាក Johnnie Walker ៤១ដប កាលពីរសៀលថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០១៩។ ស្រាប់តែនៅថ្ងៃទី២៩ ខែវិច្ឆិកា ពោលគឺរំលងបាន១ថ្ងៃ បែរជាគេឃើញស្រីស្អាតដែលជាម្ចាស់ហាងលក់ស្រាក្លែងក្លាយខាងលើ បានបើកលក់ស្រាវិញជាធម្មតា។

ប្រជាពលរដ្ឋបានចោទជាសំណួរថា តើនីតិវិធីរបស់សមត្ថកិច្ចក្រសួងមហាផ្ទៃ និងព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ មានភាពយុត្តិធម៌សម្រាប់ម្ចាស់ហាងដែលលក់ស្រាក្លែងក្លាយចំនួន៣តូបទៀតដែរឬទេ? ខណៈដែលនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចេញលិខិត (កំណត់ហេតុបិទផ្លុំបេ) រង់ចាំការសម្រេចពីស្ថាបន័តុលាការ និងមានចុះហត្ថលេខាពីព្រះរាជអាជ្ញា មាស ច័ន្ទពិសិដ្ឋ ទៀត ផង បែរជាហាងស្រីស្អាតមួយនេះអាចបើកដំណើរការឡើងវិញធ្វើព្រងើយ។

ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីស្រីស្អាតជាម្ចាស់ហាងខាងលើ ក៏ដូចជាស្ថាប័នជំនាញ ពាក់ព័ន្ធបាននៅឡើយកាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕