ភ្នំពេញ ៖ ផ្ទះល្វែងស្តុកគ្រឿងអេឡិចត្រូនិកមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងកណ្តាលអធ្រាត្រ បណ្តាលឱ្យរងការខូចខាតគិតជាទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារ និងបង្កឱ្យបុរសជាជនបរទេសម្នាក់ត្រូវជាម្ចាស់ផ្ទះរងរបួសផងដែរ។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះល្វែងលេខ42Eo ផ្លូវលេខ៥ ក្នុងបុរីពិភពថ្មីផ្សារឈូកមាស ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមប្រភពពីស្ត្រីម្នាក់ដែលត្រូវជាសាច់ញាតិរបស់ម្ចាស់ផ្ទះកើតហតុខាងលើ បានរៀបរាប់ប្រាប់ថា ផ្ទះល្វែងខាងលើ គឺមានប្តីប្រពន្ធមួយគូបានជួលសម្រាប់ស្នាក់នៅ និងស្តុកគ្រឿងអេឡិចត្រូនិកជាច្រើន។ នៅមុនពេលកើតហេតុប្តីប្រពន្ធមួយគូខាងលើ បានចាក់សោទ្វារផ្ទះរួចក៏បានឡើងទៅដេកនៅជាន់ឡៅតឿទាំងពីរនាក់ យ៉ាងស្កប់ស្កល់ដូចសព្វដង។

លុះដល់វេលាម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមានក្លិនឈ្ងៀមនិងឃើញផ្សែងបានហុយចេញពីមកជាន់ផ្ទាល់ដីដែលជាកន្លែងស្តុកគ្រឿងអេឡិចត្រូនិក។ បន្ទាប់មកក៏កើតមានជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងកើតហេតុ នាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យឱ្យចុះមកអន្តរាគមន៍។

ខណៈនោះផងដែរ ប្រជាពលរដ្ឋក៏បាននាំគ្នាជួយទាញទុយោទឹក និងបំពង់ពន្លត់អគ្គិភ័យយកទៅបាញ់ពន្លត់ ប៉ុន្តែដោយទ្វារផ្ទះកើតហេតុជាប់សោពីខាងក្នុង ទើបមិនអាចជួយពន្លត់បានទាន់ពេលវេលា។

ដោយទ្បែក ប្តីប្រពន្ធជាម្ចាស់ផ្ទះមិនអាចចេញមកតាមខាងក្រោមនោះទេ ព្រោះតែមានអណ្តាតភ្លើងបានឆាបឆេះខ្លាំងពេក ទើបនាំគ្នារត់ឡើងទៅជាន់ខាងលើផ្លោះឆ្លងទៅផ្ទះដែលនៅជាប់នោះ បណ្តាលឱ្យបុរសជាប្តីរងរបួសរយះជើង ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយមកក៏មានសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកអន្តរាគមន៍និងបានវាយទម្លុះទ្វារចូលទៅបាញ់ទឹកពន្លត់ភ្លាមៗតែម្តង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

តាមការអះអាងរបស់ម្ចាស់ផ្ទះកើតហេតុខាងលើ បានឱ្យដឹងថា គ្រោះអគ្គិភ័យនេះបានបង្កឱ្យមានការខូចខាតគិតជាទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារ៕