Monday, November 24, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចចាប់ខ្លួនចោរប្លន់រថយន្តស៊េរីទំនើប ពេលយប់

សមត្ថកិច្ចចាប់ខ្លួនចោរប្លន់រថយន្តស៊េរីទំនើប ពេលយប់

ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ អធិការដ្ឋានខណ្ឌចំការមន និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីលួចមានស្ថានទម្ងន់ទោស ប្រើអាវុធវែងភ្ជង់ប្លន់យករថយន្ត១គ្រឿង។

ប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាចោរប្លន់រថយន្តខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជនសង្ស័យជាចោរប្លន់រថយន្តដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជុត ជីវន្ត័  អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ចំណែករថយន្តដែលជនសង្ស័យប្លន់យកទៅម៉ាកហាយឡែនឌឺរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2B-4517 ជាកម្មសិទ្ធិរបស់ឈ្មោះពុធ រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់តាក់ស៊ី មាន លំនៅក្នុងភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តព្រៃវែង។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីភ្ជង់ប្លន់រថយន្តមួយបានកើតឡើងនៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវរោងចក្រថៃហ្គឺរ ស្ថិតក្នុងភូមិរបោះអង្កាញ់  សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយជនសង្ស័យឈ្មោះជុត ជីវ័ន្ត បានធ្វើសកម្មភាពយកកាំភ្លើងវែងភ្ជង់ទៅលើជនរងគ្រោះឈ្មោះពុធ រិទ្ធី រួចក៏ប្លន់យករថយន្តម៉ាកហាយឡែនឌឺររបស់ជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យនាំយកមកចាត់ការតាមច្បាប់។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចជំនាញបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើបាន។

ព្រមទាំងដកហូតបាននូវវត្ថុតាង រួមមាន រថយន្តហាយឡែនឌឺរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខស្វាយរៀង 2B-4517 (ជារបស់ជនរងគ្រោះ) និងអាវុធវែងចំនួន៣ដើម ម៉ាក AK៤៧ ចំនួន២ដើម និងម៉ាកហ្វាងឡុងចំនួន១ដើម (ជារបស់ជនសង្ស័យ)។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES