ក្រុងប៉ោយប៉ែត៖ មន្រ្តីនគរបាលជំនាញប្រឆាំងបទល្មេីសផលិតផលក្លែងបន្លំនៃក្រសួងមហាផ្ទៃ បានសហការ ជាមួយអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែត និងប៉ូលិសប្រឆាំងបទល្មេីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការចុះឆែកឆេរផ្ទះនិងហាងលក់ស្រាដុះស្លែមួយកន្លែង សង្ស័យនាំចូលនិងលក់ទំនិញក្លែងបន្លំម៉ាកសញ្ញាខុសច្បាប់ និងថែមទាំងបានឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។
ក្នុងប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានឃាត់ខ្លួនអ្នកគ្រប់គ្រង ឈ្មោះថៃ ម៉ាឡា ហៅតុល និងបុគ្គលិកម្នាក់ទៀត ឈ្មោះសេន សាន។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមសមត្ថកិច្ចចម្រុះដឹកនាំដោយមន្រ្តីនគរបាលជំនាញប្រឆាំងបទល្មើសផលិតផលក្លែងបន្លំនៃក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែត និងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការចុះឆែកឆេរផ្ទះនិងហាងលក់ស្រាដ៏ល្បីមួយកន្លែងសង្ស័យនាំចូលនិងលក់ទំនិញក្លែងបន្លំម៉ាកសញ្ញាខុសច្បាប់ ដែលមានម្ចាស់ឈ្មោះថៃ ម៉ាឡា ហៅតុល ជាម្ចាស់គ្រប់គ្រងធ្វើអាជីវកម្មដុះស្លែរាប់ឆ្នាំមកហើយ និងបុគ្គលិកម្នាក់ទៀត ឈ្មោះសេន សាន។

មន្រ្តីសមត្ថកិច្ចបានបន្តថា នៅក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបានដកហូតស្រាជាច្រើនកេស និងស្ទីកគ័រសម្រាប់បិទលើដបស្រា។ ចំណែកម្ចាស់អាជីវកម្ម បុគ្គលិក និងវត្ថុតាងនាំយកទៅកាន់ស្នងការខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យ ករណីការសើុបអង្កេតរកឃើញថា ម្ចាស់អាជីវកម្មខាងលើបានប្រព្រឹត្តបទល្មើសមែននោះ ពួកគេទាំងពីរនឹងត្រូវបញ្ជូនខ្លួនទៅកាន់តុលាការ។

ដោយឡែក ពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតបានសម្តែងការសាទរលើចំណាត់ការរបស់ក្រុមសមត្ថកិច្ចដែលបានចុះបង្ក្រាបក្រុមឈ្មួញទុច្ចរិតខិលខូចដែលតែងតែលបលួចប្រព្រឹត្តបទល្មើសរកសុីខុសច្បាស់បង្កហានិភ័យដល់ក្រុមអាជីវករសុច្ចរិតទៀងត្រង់ និងជំរុញឲ្យមន្ត្រីជំនាញបន្តអនុវត្តន៍បង្រា្កបលើទីតាំងផលិតនិងចែកចាយស្រាក្លែងក្លាយនៅកន្លែងផ្សេងទៀត ដើម្បីបោសសំអាតផលិតផលក្លែងក្លាយឲ្យអស់ពីក្រុងប៉ោយប៉ែត និងតាមតំបន់សេដ្ឋកិច្ចមួយចំនួនទៀតក្នុងខេត្តបន្ទាយមានជ័យ។

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋក៏បានសំណូមពរដល់មន្រ្តីក្រសួងឧស្សាហកម្ម ចុះមកជួយកេះខ្នងមន្ត្រីនៅមូលដ្ឋានផង កុំឲ្យពួកគាត់សម្រាន្តលង់លក់ និងត្រុវថ្នាំសណ្តំពីពួកក្រុមឈ្មួញទុច្ចរិត រហូតរកមិនឃើញបទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន ខណៈពួកឈ្មួញទាំងនេះបើករកសុីលក់ផលិតផលក្លែងក្លាយស្ទើរដុះស្លែម្នាក់ៗទៅហើយ។ ឬមួយក៏ក្រុមលោកមន្ត្រីៗទាំងនោះបានទទួលភាគលាភពីក្រុមឈ្មួយទុច្ចរិត ទើបហ៊ានរហូតបិតបាំងថ្នាក់លើបែបនេះ?៕