Monday, November 24, 2025
Homeព័ត៌មានជាតិឆែកតាមកាមេរ៉ាសុវត្ថិភាពឃើញច្បាស់ សុខចិត្តឲ្យនាងកែខ្លួន ប៉ុន្តែមិនកែសោះ

ឆែកតាមកាមេរ៉ាសុវត្ថិភាពឃើញច្បាស់ សុខចិត្តឲ្យនាងកែខ្លួន ប៉ុន្តែមិនកែសោះ

ខេត្តកណ្តាល ៖ ក្មេងស្រីម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីលួចលុយក្រុមហ៊ុនជាង២០ដង នៅចំណុចសង្វៀនជល់មាន់របស់ក្រុមហ៊ុនកាស៊ីណូ ហ្គ្រេនដ្រាហ្គនរីសត ស្ថិតភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។

ក្មេងស្រីជាប់សង្ស័យខាងលើដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស ស្រីល័ក្ខ អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូហ្គ្រេនដ្រាហ្គនរីសត មានលំនៅក្នុងភូមិកោះទៀវ (ក) ឃុំសំពៅពូន ស្រុកកោះធំ។

ចំណែកភាគីរងគ្រោះនិងជាអ្នកតំណាងឱ្យក្រុមហ៊ុន មានឈ្មោះ ធុន វាសនា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនហ្គាវ៉ូដា មានលំនៅភូមិរការលើ ឃុំស្វាយរលំ ស្រុកស្អាង។

សម្ភារៈដែលបាត់បង់ប្រាក់ប្រមាណជាង៧៤៥០ដុល្លារ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមានទូរស័ព្ទដៃចំនួន២គ្រឿង លោហៈធាតុពណ៌លឿង មានបណ្តោងដាំត្បូងពណ៌ស១ខ្សែ លោហៈធាតុពណ៌លឿង១ខ្សែ និងចិញ្ចៀន២វង់។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុនសង្ស័យថា មានការបាត់ប្រាក់នៅក្នុងតុតាយស៊្រីវ តែពុំទាន់ធ្វើការត្រួតពិនិត្យទេ រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ខាងក្រុមហ៊ុនបានឱ្យតំណាងខាងលើត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពក៏ឃើញក្មេងស្រីសង្ស័យលួចយកប្រាក់ពីតុល្បែងតាយស៊្រីវ ជាញឹកញាប់ ប៉ុន្តែខាងក្រុមហ៊ុនពុំបានសួរនាំឬប្តឹងផ្តល់អ្វីទេ ដោយទុកឱកាសនិងរង់ចាំមើលថា ក្មេងស្រីសង្ស័យខាងលើនេះនៅបន្តលួចទៀតដែរឬទេ។

លុះមកដល់វេលាកើតហេតុខាងលើ ក្មេងស្រីសង្ស័យនៅតែបន្តធ្វើសកម្មភាពលួចទៀត ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។

គួរបញ្ជាក់ផងដែរថា ក្មេងស្រីខាងលើបានបម្រើការងារជាបុគ្គលិកក្នុងសង្វៀនជល់មាន់របស់ក្រុមហ៊ុនកាស៊ីណូហ្គ្រេនដ្រាហ្គនរីសត រយៈពេលប្រមាណជាង៣ខែមកហើយ ដោយធ្វើខាងផ្នែកលើកម្ហូបអាហារជូនភ្ញៀវ បន្ទាប់មកក៏ប្តូរទៅធ្វើជាអ្នករាប់លុយស៊ីសងល្បែងតាយស៊្រីវ និងបានលួចយកលុយអស់ជាង២០ដងមកហើយ។

ក្រោយទទួលបានបណ្តឹង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនទៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES