ហេតុការណ៍ដ៏គួរឲ្យរន្ធមួយ ដោយដែកដែលមានទម្ងន់យ៉ាងធ្ងន់បានធ្លាក់ពីលើអគារសំណង់៤២ជាន់ មកលើរថយន្តស៊េរីទំនើបមួយគ្រឿងបណ្តាលក្រពិតនិងបែកកញ្ចក់ផ្នែកខាងក្រោយ ប៉ុន្តែសំណាងល្អមិនបង្កឲ្យមនុស្សក្នុងរថយន្តរងរបួសនោះទេ។

គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចសំណង់អគា៤២ជាន់ មុខវិទ្យាល័យព្រះយុគន្ធរ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។
រថយន្តរងគ្រោះថ្នាក់នេះម៉ាក Mercedez S350 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BC-7788 ចំណែកម្ចាស់រថយន្តមិនស្គាល់អត្តសញ្ញាននោះទេ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តរងគ្រោះនេះធ្វើដំណើរមកដល់មុខវិទ្យាល័យយុគន្ធរ ភ្លាមនោះស្រាប់តែំនាដុំដែកយ៉ាងធំប្រវែងជាង១ម៉ែត្រ ធ្លាក់ចុះពីលើសំណង់អគារ៤២ជាន់ ចំដំបូលផ្នែកខាងក្រោយ បណ្តាលក្រពិតនិងបែកកញ្ចក់ខាងក្រោយធ្ងន់ធ្ងរ ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់ក្នុងរថយន្តរងរបួសនោះទេ។

ប្រភពបានបន្តថា ក្រោយកើតហេតុ គេឃើញខាងសំណង់អគារចុះមកក្រោមធ្វើការសម្របសម្រួលជាមួយម្ចាស់រថយន្ត ហើយបានលើកដុំដែកនោះចេញ។

យ៉ាងណា យើងមិនទាន់ដឹងថា តើក្រសួងដែនដី នគររូបនីយកម្មនិងសំណង់ មានចំណាត់ការយ៉ាងណាចំពោះម្ចាស់សំណង់ខាងលើនេះ ខណៈដែលប៉ុន្មានខែមុននេះ ក៏ធ្លាប់មានដែកធ្លាក់ចំរថយន្តទំនើបមួយគ្រឿងចតនៅមុខហាងផងដែរ៕