ខេត្តកំពង់ស្ពឺ ៖ ក្មេងស្ទាវប្រុសស្រីចំនួន៣នាក់ នៅសុខៗក៏ជិះម៉ូតូដឹកគ្នាយកសំបកផ្លែដូងគប់រថយន្តសណ្តោងមួយគ្រឿងដែលកំពុងបើកបរនៅលើដងផ្លូវជាតិ បណ្តាលឱ្យបែកកញ្ចក់ រួចក៏ព្យាយាមជិះម៉ូតូរត់គេច តែត្រូវអ្នកបើករថយន្តសណ្តោងបើកប្រដេញតាមទាន់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។
ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិក្រាំងលាវ ឃុំព្រៃវិហារ ស្រុកគងពិសី។

ក្មេងស្ទាវប្រុសស្រីជាជនបង្កទាំង៣នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖
ទី១-ឈ្មោះជួន វិន ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកបើកម៉ូតូ រស់នៅភូមិឯកភាព ឃុំព្រៃវិហារ ស្រុកគងពិសី។
ទី២-ឈ្មោះឡេង ស្រីកា ភេទស្រី អាយុ១៩ឆ្នាំ អ្នករួមដំណើរ មុខរបរបំរើការងារពេលរាត្រីនៅហាងខារ៉ាអូខេយីហោរាត្រីពណ៌ស្វាយ ស្ថិតក្នុងភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី និងមានស្រុកកំណើតនៅភូមិព្រៃស្តី ឃុំម្លប់ស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។
និងទី៣-ឈ្មោះចាន់ លក្ខិណា ភេទស្រី អាយុ២៣ឆ្នាំ អ្នករួមដំណើរ មុខរបរបំរើការងារពេលរាត្រីនៅហាងខារ៉ាអូខេយីហោរាត្រីពណ៌ស្វាយ ស្ថិតក្នុងភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី និងមានស្រុកកំណើតនៅភូមិព្រៃត្រាង ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។
ជនសង្ស័យប្រុសស្រីទាំង៣នាក់ខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកំពង់ស្ពឺ 1K-0404។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនសង្ស័យទាំង៣នាក់ខាងលើ បានជិះម៉ូតូដឹកគ្នាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ លុះមកដល់ចំណុចជិតប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ ក៏ស្រាប់តែនាំគ្នាធ្វើសកម្មភាពយកសំបកផ្លែដូងដែលផឹកទឹកអស់គប់ទៅលើរថយន្តសណ្តោងរ៉ឺម៉ក១គ្រឿងពាក់ស្លាកលេខព្រះសីហនុ 4A-8899 បើកបរដោយឈ្មោះវ៉ែន វី ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅភូមិសេកយៀ ឃុំអង្គត្នោត ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យរថយន្តបែកកញ្ចក់ផ្នែកខាងមុខ។

ក្រោយកើតហេតុ ក្រុមជនបង្កបានជិះម៉ូតូគេចខ្លួនចូលមកភូមិសាស្ត្រស្រុកបសេដ្ឋ ក៏ត្រូវអ្នកបើកបររថយន្តដេញតាមរហូតមកទាន់នៅចំណុចផ្ទះសំណាក់យីហោហេងលី ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រាយការណ៍ជូនសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ន មុខសញ្ញាជនសង្ស័យក្មេងទំនើងប្រុសស្រី៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចស្រុកបសេដ្ឋកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធី៕