ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានមន្ត្រីបរិស្ថានចាប់ឃាត់ខ្លួនមកផាកអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យ បន្ទាប់ពីបុរសរូបនេះបានដឹកសំរាមមួយរទេះមកទម្លាក់ចោលនៅតាមដងផ្លូវ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។
ការឃាត់ខ្លួនបុរសរូបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នេះ នៅចំណុចមុខរបងវត្តចង្ក្រានតាព្រហ្មហៅស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុនីរ៉េត។

ឈ្មោះអ៊ីម សេរីរតនា ភ្នាក់ងារបរិស្ថានប្រចាំសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់ថា បុរសដែលត្រូវឃាត់ខ្លួននេះ មានឈ្មោះ លឹម ង៉ែត ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកបានបន្តថា ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានអប់រំបុរសរូបនេះ រួចបានឲ្យធ្វើកិច្ចសន្យា ព្រមទាំងផ្តិតមេដៃជាភស្តុតាង ដើម្បីបញ្ឃប់ទង្វើបែបនេះទៀតដែលនាំប៉ះពាល់ដល់បរិស្ថាន និងសុចភាពប្រជាពលរដ្ឋ។

ទាក់ទិនទៅនឹងការដាក់រឹតបន្តឹងអ្នកចោលសំរាមបែបនេះ លោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ តែងតែចុះណែនាំឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន។ ប៉ុន្តែផ្ទុយទៅវិញប្រជាបលរដ្ឋខ្លះមិនត្រឹមតែមិនស្តាប់ប៉ុណ្ណោះទេ ថែមទាំងផ្គើនចោលសំរាមទៀត៕