Monday, November 24, 2025
Homeព័ត៌មានជាតិប្តីតាមទាន់មានប្រុសថ្មី ប្រពន្ធបែរជាធ្វើរឿងឲ្យផ្អើលគេទៅវិញ

ប្តីតាមទាន់មានប្រុសថ្មី ប្រពន្ធបែរជាធ្វើរឿងឲ្យផ្អើលគេទៅវិញ

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាយ៉ាងស្រួចស្រាល់ ដោយភាគីបុរសជាប្តីអះអាងខ្លួនបានតាមទាន់ចាប់បានរឿងប្រពន្ធទាក់ទងប្រុសថ្មីតាមហ្វេសប៊ុក ចំណែកប្រពន្ធចោទថាប្តីមានស្រីថ្មី ទើបធ្វើឱ្យកើតជាជម្លោះរហូតធ្វើឱ្យស្ត្រីជាប្រពន្ធធ្វើដំណើរឡើងមកលើស្ពានជ្រោយចង្វា ប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល។

ប្តីប្រពន្ធទាំងពីរខាងលើដែលផ្ទុះជម្លោះរហូតដល់ភាគីម្ខាងប៉ងលោតទឹកសម្លាប់ខ្លួននេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងពិនិត្យតាមភិនភាគមានវ័យប្រមាណជិត៣០ឆ្នាំដូចគ្នា។

តាមសម្តីបុរសជាប្តីដែលប្រកបរបរជាអ្នករត់ម៉ូតូកង់បី បានរៀបរាប់ប្រាប់ថា រវាងគាត់និងស្ត្រីដែលឈ្លោះប្រកែកជាមួយគ្នានោះ គឺជាប្តីប្រពន្ធនឹងគ្នាទោះមិនបានរៀបការពេញច្បាប់ ក៏បានសែនព្រេនត្រឹមត្រូវ និងមានចាស់ទុំទាំងសងខាងដឹងឮផងដែរ។

ប្រភពបានបន្តថា បន្ទាប់ពីពួកគាត់បានសែនព្រេនយកគ្នាជាប្តីប្រពន្ធអស់រយៈពេល៣ឆ្នាំមកហើយ ដោយដើមឡើយ ខាងស្រីជាមេម៉ាយមានកូនម្នាក់និងមានស្រុកកំណើតនៅខេត្តកំពង់ចាម ក្រោយពីទាក់ទងស្នេហាគ្នារហូតដល់យល់ចិត្ត គាត់ក៏បាននាំខាងស្រីទៅសែនព្រេនដល់ស្រុកកំណើតគាត់ខេត្តតាកែវ រហូតដល់នាងបានផ្ទេរសំបុត្រកំណើតកូន ដាក់នាមត្រកូលតាមគាត់ជាប្តីទៀតផង។

បុរសជាប្តីបន្តថា ក្រោយពីរួមរស់នឹងគ្នាយ៉ាងល្អូកល្អិនរួចមក នៅមួយរយៈចុងក្រោយនេះជីវិតប្តីប្រពន្ធគាត់ក៏បានជួបនឹងរឿងរកាំរកូសគ្នាមិនឈប់។ ក្រោយមកគាត់ក៏តាមដានដឹងលេខសម្ងាត់ហ្វេសប៊ុករបស់ប្រពន្ធក៏ចូលទៅឆែក ទើបដឹងថា ប្រពន្ធកំពុងទាក់ទងស្នេហាជាមួយនឹងប្រុសថ្មីម្នាក់។

 ប្រភពបានឲ្យដឹងទៀតថា លុះបែកធ្លាយរឿងរ៉ាវ នាងក៏ចុះចោលគាត់ជាប្តី ហើយគាត់ក៏មិនថាអ្វីដែរ ព្រោះយល់ថា បើនាងបែកចិត្តទៅហើយ ទោះឃាត់ក៏មិនជាប់ដែរ ហេតុនេះក៏បណ្តោយឱ្យនាងចេញទៅ ព្រោះទុកក៏មិនចំណេញដកចេញក៏មិនខាត។

បុរសជាប្តីបានបញ្ជាក់ថា អ្វីដែលជាជម្លោះនៅពេលនេះ គឺដោយសារតែប្រពន្ធនេះបានត្រឡប់មកចង់ប្រមែប្រមូលយករបស់ទ្រព្យក្នុងផ្ទះ តែគាត់មិនឱ្យនិងបានប្រាប់ថា បើនាងមានប្រុសថ្មីហើយ ឱ្យគេចិញ្ចឹមមើលថែទៅ ចំណែករបស់របរក្នុងផ្ទះ គាត់មិនឱ្យយកទៅទេ ប៉ុន្តែនាងមិនព្រមក៏ផ្ទុះជម្លោះបែកផ្សែង និងឈានដល់ការប៉ុនប៉ងលោតទឹកបែបនេះតែម្តង។

ជុំវិញរឿងរ៉ាវខាងលើនេះ ភាគីស្ត្រីជាប្រពន្ធមិនបានផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាននោះឡើយ ហេតុនេះយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

យ៉ាងណាក្តី ភាគីស្ត្រីជាប្រពន្ធរូបនោះមិនបានលោតទឹកនោះទេ ដោយសារត្រូវអ្នកដំណើរឃើញទាន់ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅអន្តរាគមន៍នាំចុះមកក្រោមឱ្យដោះស្រាយគ្នាជាមួយប្តី។

ប៉ុន្តែភាគីទាំងសងខាងនិយាយមិនចូលគ្នាសោះ គិតតែឈ្លោះប្រកែកនិយាយរកត្រូវតែរៀងខ្លួន។ លុះចុងក្រោយ ភាគីប្រពន្ធក៏ឡើងជិះម៉ូតូឌុបចាកចេញទៅបាត់ ចំណែកភាគីបុរសជាប្តីក៏បើកម៉ូតូកង់បីចាកចេញទៅបាត់ដែរ៕

RELATED ARTICLES