Monday, November 24, 2025
Homeព័ត៌មានជាតិប្រដៅមិនស្តាប់... ទាល់តែឃើញម្តាយបែបនេះ ទើបស្រក់ទឹកភ្នែក

ប្រដៅមិនស្តាប់… ទាល់តែឃើញម្តាយបែបនេះ ទើបស្រក់ទឹកភ្នែក

ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ព្រោះតែតូចចិត្តនឹងរឿងស្តីប្រដៅកូនចៅមិនស្តាប់ ក៏ដាច់ចិត្តគិតខ្លីលេបថ្នាំសម្លាប់ខ្លួនតែមិនស្លាប់ ដោយសារក្អួតចេញមកវិញអស់ លុះក្រោយមកស្ត្រីរងគ្រោះក៏បានប្តូរវិធី ទៅជាចងកសម្លាប់ខ្លួនវិញបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចដើមទៀបខាងក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិខ្ទួយ៣ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់។

ស្ត្រីគិតខ្លី ដែលចងកសម្លាប់ខ្លួន មានឈ្មោះភន យឹម ភេទស្រី អាយុ៤០ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមការបំភ្លឺរបស់ក្រុមគ្រួសារស្ត្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះបានស្តីបន្ទោសឱ្យកូនៗថា គាត់ប្រដៅមិនស្តាប់ទេរាល់ថ្ងៃ។ ហើយគាត់និយាយបន្តថា គាត់មិនចង់រស់ទៀតឡើយ ព្រោះរាល់ថ្ងៃគាត់ជាអ្នកទទួលបន្ទុករកស៊ីចិញ្ចឹមគ្រួសារទាំងមូល ដោយប្តីគាត់មានជំងឺនិងពិការជើងធ្វើការងារមិនកើត។

ប្រភពដដែលបន្តថា បន្ទាប់មកគាត់បានលេបថ្នាំពេទ្យបំណងសម្លាប់ខ្លួន តែត្រូវក្អួតចេញមកវិញ លុះដល់វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ កូនបានចុះដីប្តូរសម្លៀកកបំពាក់ទៅជៀជ័រកៅស៊ូ ក៏បានឃើញសាកសពម្តាយចងកនៅចំណុចក្រោយផ្ទះ ស្លាប់បាត់ហើយ។

ក្រោយពីបានទទួលព័ត៌មានខាងលើនេះភ្លាម លោកវរសេនីយ៍ឯកប៉ាក ជាតិ បានចាត់បញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដោយបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍អូរម្លូ ដឹកនាំដោយលោកវរសេនីយ៍ត្រីពៅ លីមស៊ាង អធិការរងទទួលការងារព្រហ្មទណ្ឌ បានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវ។

លោកអធិការបន្តថា សមត្ថកិច្ចបានបង្កើតគណៈកម្មការចំរុះត្រួតពិនិត្យសពស្ត្រីរងគ្រោះជាលទ្ធផលនៃការពិនិត្យនៅត្រង់កមានស្នាមទ្រុឌជាំដោយខ្សែចងក នៅផ្នែកក្បាល ផ្នែកដងខ្លួន និងផ្នែកអវយវៈ គឺពុំមានស្លាកស្នាមអ្វីឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺឈ្មោះភន យឹម បានស្លាប់ដោយចងកខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ អ្វីឡើយ។ ក្រោយពីបានពិនិត្យចប់សព្វគ្រប់ហើយ បានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។/

RELATED ARTICLES