ខេត្តកំពង់ធំ ៖ យុវជនម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីធំធេង រកច្រកចេញមិនឃើញ ស្រាប់តែសម្រេចចិត្តគិតខ្លីចងកបញ្ចប់ជីវិតខ្លួនឯង។
ហេតុការំ៍ដ៏រន្ធត់នេះ00បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិសាគ្រាមត្បូង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក។

យុវជនគិតខ្លី ដែលចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ មានឈ្មោះផេង ភ័ណ អាយុ២១ឆ្នាំ ជាកូនកំព្រាឪពុកម្តាយ សព្វថ្ងៃស្នាក់នៅជាមួយម្តាយមីងបង្កើត មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីឈ្មោះគិត ញ៉ឹង អាយុ៤៨ឆ្នាំ ត្រូវជាម្តាយមីងបង្កើតរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា ក្មួយប្រុសរបស់គាត់ (ជនរងគ្រោះ) គឺជាក្មេងកំព្រា រស់នៅជាមួយគាត់ជាច្រើនឆ្នាំមកហើយ។
គាត់បានបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ក្មួយរបស់គាត់បានអង្គុយលេងជាមួយគាត់នៅក្រោមផ្ទះធម្មតា។ លុះមួយសន្ទុះក្រោយមកគាត់ក៏ដើរទៅដេកលេងជាមួយក្មួយម្នាក់ផ្សេងទៀត ឈ្មោះរឿង ដោយមិនបានចាប់អារម្មណ៍ថា ក្មួយប្រុសម្នាក់នេះមានរឿងអ្វីក្នុងចិត្ត ឬក៏ដើរទៅឯណានោះទេ។

គាត់បន្តទៀតថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ប្តីរបស់គាត់ទើបនឹងត្រឡប់មកពីឃ្វាលគោវិញ ក៏ប្រើឱ្យកូនស្រីឈ្មោះផល សេងអ៊ី ទៅបង្កាត់ភ្នក់ភ្លើងឱ្យគោនៅក្រោយផ្ទះ ពេលនោះកូនស្រីរបស់គាត់ប្រាប់ថា នាងរាងដូចជាព្រឺៗសម្បុរយ៉ាងម៉េចមិនដឹងទេ។
ស្ត្រីជាម្តាយមីងបន្ថែមថា បន្ទាប់មកកូនស្រីគាត់ក៏ស្រែកហៅឪពុកមកជួយ ព្រោះនាងខ្លាច លុះពេលដែលឪពុកកំពុងបង្កាត់ភ្នក់ភ្លើងឱ្យគោនោះ កូនស្រីរបស់គាត់បែរមុខទៅទិសខាងកើត ស្រាប់តែឃើញអាវមនុស្សនៅលើដើមស្វាយពណ៌ខៀវៗ ហើយកូនស្រីក៏ស្រែកថា “ម៉ែពុកអើយជួយផង អ្នកណាទេមិនដឹងស្លាប់ឬរស់ទេ ជួយផង”។

គាត់បន្ថែមទៀតថា ពេលនោះគាត់និងបងប្អូនក្នុងភូមិបាននាំគ្នារត់ទៅមើល ស្រាប់តែឃើញក្មួយប្រុសរបស់គាត់យកក្រមាពណ៌ក្រហមឆ្នូតខៀវចងកនៅលើដើមស្វាយស្លាប់បាត់ទៅហើយ មិនដឹងតាំងពីពីពេលណាទេ។ បន្ទាប់មកពួកគាត់ក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ឃុំសាគ្រាម បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសពរកឃើញមានស្នាមជាំជុំវិញបំពង់កជនរងគ្រោះចំនួន១កន្លែង។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ពោលគឺមិនមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។

ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕