ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចគាស់ផ្ទះអ្នកភូមិជាមួយគ្នានៅគ្រាដែលម្ចាស់ផ្ទះមិននៅ និងបានប្រមូលយកលុយចំនួន១៣លានរៀល ព្រមទាំងគ្រឿងអលង្ការមួយចំនួនទៀត រួចក៏បានយកលុយទាំងនោះទៅសងបំណុលគេផង ដើរស៊ីចាយហ៊ឺហាផង ទីបំផុតក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ក្របួចជាប់ ខណៈដែលមិនទាន់ចាយលុយអស់នៅឡើយ។
ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិនេះបានកើតឡើងកាលពីចន្លោះម៉ោង៨ទៅដល់ម៉ោង១១ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះឆន ខ្លឹង ភេទស្រី អាយុ៣១ឆ្នាំ រស់នៅក្រុមទី០១ ភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឬស្សី នៅគ្រាដែលជនរងគ្រោះមិននៅផ្ទះ។

លុះមកដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យនាំយកមកចាត់ការ តាមច្បាប់។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទិត តយ ភេទប្រស អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ (ក្បែរផ្ទះជនរងគ្រោះ)។
ចំណែកទ្រព្យសម្បត្តិរបស់ជនរងគ្រោះដែលបាត់បង់ រួមមាន ខ្សែកមាស១ខ្សែទម្ងន់២,៧តម្លឹង ខ្សែដៃ១ខ្សែ ទម្ងន់១តម្លឹង ព្រមទាំងប្រាក់រៀលចំនួន១៣លានរៀល។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះជាម្ចាស់ផ្ទះបានចាក់សោទ្វារផ្ទះចេញទៅក្រៅបាត់ រហូតមកដល់វេលាថ្ងៃត្រង់ថ្ងៃដដែលទើបត្រឡប់មកផ្ទះវិញ ក៏ស្រាប់តែប្រទះឃើញថា ផ្ទះរបស់ខ្លួនត្រូវចោរលួចគាស់និងរុករើកកាយពេញក្នុងផ្ទះ។
លុះក្រោយពីជនរងគ្រោះពិនិត្យិរបស់ទ្រព្យមានតម្លៃរបស់ខ្លួនរួចរាល់ហើយ ទើបដឹងថា គាត់បានបាត់គ្រឿងអលង្ការ ព្រមទាំងលុយចំនួន១៣លានរៀល។
ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំជ្រៃ ជួយួអន្តរាគមន៍ លើករណីចោរចូលលួចយកទ្រព្យសម្បត្តិនេះ។
ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យឈ្មោះទិត តយ ដែលជាអ្នកភូមិជាមួយគ្នានាំយកមកសាកសួរ។

ឆ្លងតាមរយៈការស្រាវជ្រាវជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះខាងលើប្រាដកមែន។
លោកវរសេនីយ៍ត្រី ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ជនរងគ្រោះមិននៅផ្ទះទេ មានតែឪពុកម្តាយចាស់ៗនៅទីនោះដោយសារខ្លួនទៅធ្វើស្រែបាត់ ។ ដោយឃើញស្ថានភាពអំណោយផលជនសង្ស័យខាងលើបានចូលទៅលួចយកទ្រព្យសម្បត្តិដែលម្ចាស់ទុកនៅក្នុងទូយកទៅបាត់។

លុះម្ចាស់វិលត្រឡប់មកវិញទើបដឹងថា ទ្រព្យសម្បត្តិដែលទុកនៅក្នុងទូត្រូវជនសង្ស័យលួចយកទៅបាត់ ប៉ុន្តែជនរងគ្រោះមិនបានរាយការណ៍ឬប្តឹងសមត្ថកិច្ចនគរបាលភ្លាមៗទេ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ទើបសម្រេចចិត្តប្តឹងទៅនគរបាលមូលដ្ឋាននិងបានធ្វើការស្រាវជ្រាវភ្លាមៗរហូតសម្រេចឃាត់ខ្លួនជនសង្ស័យខាងលើ
ដកហូតបានសម្ភារៈជាភស្តុតាង រួមមាន ខ្សែកមាស១ខ្សែទម្ងន់២,៧តម្លឹង ខ្សែដៃ១ខ្សែ ទម្ងន់១តម្លឹង ចំណែកប្រាក់រៀលនៅសល់តែ៨លានរៀលប៉ុណ្ណោះ ព្រោះជនសង្ស័យបានយកទៅចាយវាយនិងសងថ្លៃជំពាក់គេអស់មួយចំនួន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕