ខេត្តសៀមរាប ៖ បុរសម្នាក់ព្រោះតែតូចចិត្តនឹងរឿងម្តាយទើបលក់ដីបានប្រាក់ក្តៅៗ អត់ព្រមចែកឱ្យខ្លួនយកមកប្រើប្រាស់ចាយវាយខ្លះ ក៏មួម៉ៅក្តៅចិត្ត រហូតមានគំនិតខ្លីចងកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក។
បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះផាន់ ជ្រក់ អាយុ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះស៊ត់ សប ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមកក្រុមគ្រួសាររបស់គាត់ រួមរស់ចុះសម្រុងនឹងគ្នាល្អណាស់មិនធ្លាប់កើតមានបញ្ហាល្អក់កករអ្វីនឹងគ្នានោះឡើយ។ ប៉ុន្តែប្តីរបស់គាត់មួយរយៈថ្មីៗនេះ បាននិយាយរំលើកអន់ចិត្តនឹងរឿងម្តាយបង្កើតទើបលក់ដីបានលុយក្តៅៗ មិនចែកចំណែកឱ្យគាត់ខ្លះ។
ស្ត្រីជាប្រពន្ធបន្តថា ប៉ុន្តែយ៉ាងណាប្តីរបស់គាត់គ្រាន់តែអន់ចិត្ត ហើយក៏មិនបានឡូឡាឬរករឿងក្រុមគ្រួសារនោះឡើយ ហើយក៏មិនបានបង្ហាញឱ្យដឹងពីតម្រុយដែលគាត់មានគំនិតខ្លីសោះឡើយ។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយពីហូបបាយល្ងាចរួច ប្តីរបស់គាត់បានចូលដេកជុំគ្រួសារតាមធម្មតា។
ស្រាប់តែមកដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ក៏ប្រទះឃើញប្តីចងកស្លាប់តែម្តង ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយទទួលសេចក្តីរាយការណ៍ខាងលើ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យលើសាកសព រួចបញ្ជាក់ថា សាកសពមានស្លាកស្នាមជាំកផ្នែកខាងមុខចេញទឹកកាម ក្រៅពីនោះពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទេ។
តាមការសន្និដ្ឋានជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ដោយប្រើខ្សែអង្រឹងពណ៌ខៀវ ប្រវែង៣ម៉ែត្រ ចងកភ្ជាប់នឹងមែកដើមក្រសាំង កម្ពស់៤,២០ម៉ែត្រ ក្រោយផ្ទះរបស់គាត់ផ្នែកខាងត្បូងចម្ងាយ១៣០ម៉ែត្រ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕