ខេត្តបាត់ដំបង ៖ បុរសឈ្មោះឡុង វុទ្ធី ដែលជាមេខ្លោងឈូសឆាយកាប់រានទន្ទ្រានយកដីរដ្ឋ ស្ថិតក្នុងភូមិភ្នំដំបង ឃុំសន្តិភាព ស្រុកសំឡូត ដែលជាតំបន់ការពាររបស់បរិស្ថាន យកទៅពុះឡូត៍លក់យ៉ាងអនាធិបតេយ្យនោះ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។
ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងដោយកម្លាំងបញ្ជាការឯកភាពខេត្តបាត់ដំបង និងក្រុមការងាររបស់គណៈកម្មការជាតិដើម្បី ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ក្រសួងបរិស្ថាន បានឱ្យដឹងថា កន្លងមក មានការប្រកាសផ្សព្វផ្សាយ ការរៀបចំដីឡូតិ៍តំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី ដែលមានទំហំផ្ទៃដី ៤៩៦០០ម៉ែត្រការ៉េ មានទីតាំងនៅក្នុងភូមិភ្នំដំបង ឃុំសន្តិភាព ស្រុកសំឡូតជា ដែលជាតំបន់ស្ថិតក្នុងតំបន់ការពារធម្មជាតិ (តំបន់ប្រើប្រាស់ច្រើន យ៉ាងសំឡូត) ដែលបានកំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។
យោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដីតំបន់ការពារធម្មជាតិគឺជាដីសាធារណៈរបស់រដ្ឋដែលមិនអនុញ្ញាតឱ្យមានការកាប់រានទន្ទ្រានកាន់កាប់ លក់ដូរបានឡើយ និងមិនអាចស្ថិតនៅក្រោមការកាន់កាប់ដោយលទ្ធកម្មពិសេសនៃភោគៈឡើយ។ ការចាត់ចែងលក់ដូរដីសាធារណៈរបស់រដ្ឋនៃតំបន់ការពារធម្មជាតិ គឺជាបទល្មើសព្រហ្មទណ្ឌដោយអ្នកប្រព្រឹត្តនិងអ្នកជាប់ពាក់ព័ន្ធត្រូវផ្តន្ទាទោស ជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីការប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ក្រសួងបរិស្ថាន បានបន្តថា ដើម្បីជៀសវាងហានិភ័យជាយថាហេតុ ដែលបង្កឡើងដោយជនខិលខូច មុននឹងធ្វើការសម្រេចចិត្តទិញដីឡូត៍ ខាងលើនេះ សូមសាធារណជន មេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួន ក្នុងនោះ ៖
១-ឈ្មោះម្ចាស់អចលនទ្រព្យក្នុងវិញ្ញាបនប័ត្រសម្គាល់ម្ចាស់ អចលនទ្រព្យ (តើជារបស់អ្នកអភិវឌ្ឍគម្រោង ពុះដីឡូតិ៍លក់ ឫជារបស់អ្នកផ្សេង)។
២-វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ (មានជាប់ បន្ទុក ឫអត់?)។
៣-លិខិតអនុញ្ញាតអភិវឌ្ឍដី ដែលចេញដោយអាជ្ញាធរ ឬអង្គភាពមានសមត្ថកិច្ច (ដូចមានចែងក្នុងប្រកាសលេខ០៨៧ ដ.ន.ស ប្រក.នីក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការអភិវឌ្ឍដីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
៤-ឯកសារបង់ពន្ធអចលន វត្ថុ។
៥-ប័ណ្ណបំបែកក្បាលដី និង៦-ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕