ខេត្តត្បូងឃ្មុំ ៖ បុរសជាជាងផ្ទះម្នាក់បានឡើងទៅតចរន្តអគ្គិសនីនៅលើសាលាឆាន់ ដោយមិនបានបិទបារ៉ែតភ្លើងជាមុននោះទេ ពោលគឺតភ្លើងឆៅតែម្តង ស្រាប់តែអកុសលពេលកំពុងតភ្លើងចរន្តអគ្គិសនីបានឆក់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចសាលាឆាន់ បរិវេណវត្តរកាធំ ស្ថិតក្នុងភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ។

ជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះហាំ សាលី អាយុ២៧ឆ្នាំ ជាជនជាតិខ្មែរ-អ៊ិស្លាម មុខរបរជាកូនជាងរុញផ្ទះ រស់នៅភូមិព្រែកតូច ឃុំជីរោទិ៍ទី១ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះដែលជាជាងផ្ទះបានមកជួសជុលកុដិព្រះសង្ឃនៅក្នុងវត្តខាងលើ បានឡើងទៅតភ្លើងនៅលើសាលាឆាន់ ប៉ុន្តែមិនព្រមបិទបារ៉ែតភ្លើងដើម្បីសុវត្ថិភាពសិននោះទេ ពោលគឺតភ្លើងឆៅតែម្តង ស្រាប់តែអកុសលបណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទិ៍ទី១ ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវឃើញថា ជនរងគ្រោះខាងលើពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌអ្វីឡើយ។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕