ខេត្តត្បូងឃ្មុំ ៖ ក្មេងស្រីវ័យ៩ឆ្នាំម្នាក់ត្រូវឪពុកម្តាយទុកឱ្យនៅផ្ទះតែម្នាក់ឯង ព្រោះរវល់ចេញទៅធ្វើការងាររៀងខ្លួនអស់ ស្រាប់តែក្មេងស្ទាវល្មោភកាមម្នាក់ឃើញឱកាសស្ងាត់ល្អ ក៏ចូលទៅលួងលោមហៅក្មេងស្រីរងគ្រោះចូលក្នុងបន្ទប់ទឹក រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច។
លុះឪពុកម្តាយត្រឡប់មកវិញ កូនស្រីក៏ទម្លាយរឿងប្រាប់អស់ ទើបប្រញាប់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនល្មោភកាមខាងលើ យកមកចាត់ការតាមច្បាប់។
ករណីក្មេងស្ទាវល្មោភកាមចាប់រំលោភក្មេងស្រីក្នុងបន្ទប់ទឹកនេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ទឹកផ្ទះរបស់ក្មេងស្រីរងគ្រោះស្ថិតក្នុងភូមិថ្នល់ថ្មី ឃុំកោងកាង ស្រុកពញាក្រែក។
ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះញ៉ឹប វាស្នា អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ទ.ស.ន អាយុ៩ ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះបានទុកកូនស្រីឱ្យនៅផ្ទះតែម្នាក់ឯង រួចក៏នាំគ្នាចេញទៅបំពេញការងាររៀងៗខ្លួនអស់ទៅ។

ចំណែកជនសង្ស័យគឺជាអ្នកភូមិជាមួយគ្នា ពេលឃើញឱកាសស្ងាត់ល្អក៏បានដើរចូលទៅលួងលោមហៅក្មេងស្រីរងគ្រោះឱ្យចូលទៅក្នុងបន្ទប់ទឹក រួចក៏ធ្វើសកម្មភាពសម្រាតខោអាវក្មេងស្រីរងគ្រោះចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេចតែម្តង។ បន្ទាប់មក ជនសង្ស័យបានគំរាមក្មេងស្រីរងគ្រោះមិនឱ្យប្រាប់អ្នកណា រួចដើរចេញទៅវិញបាត់ទៅ។
ប្រភពដដែលបន្តថា លុះក្រោយមកនៅពេលដែលម្តាយឪពុកត្រឡប់មកដល់ផ្ទះវិញ ក្មេងស្រីរងគ្រោះក៏បាននិយាយរឿងរ៉ាវប្រាប់ឪពុកម្តាយទាំងអស់ ហើយភ្លាមនោះឪពុកម្តាយក្មេងស្រីរងគ្រោះបានប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីអនុវត្តតាមនីតិវិធី៕