(តពីវគ្គមុន) ម៉្យាងទៀត ប្រជាជនខ្មែរប្រារឰពិធីបុណ្យភ្ជុំបិណ្ឌ ដោយសារតែពួកគេមានជំនឿយ៉ាងមុតមាំតាមបណ្តាំចាស់ៗ ដែលពោលណែនាំនិងអនុវត្តជារៀង រាល់ឆ្នាំតៗគ្នាមក។
គេជឿថា សាច់ញាតិដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូន ជីតា បងប្អូនកូនចៅ ញាតិកាទាំង ៧សន្តាន នោះ ដែលខ្លះមានបាបកម្មត្រូវទទួលទោសនៅឋាននរកកើតជាប្រេត កើតជាអបាយភូមិវេទនាណាស់។
ឋាននោះឋិតនៅជ្រៅឆ្ងាយពីឋានមនុស្ស មិនអាចមើលឃើញពន្លឺព្រះអាទិត្យទេ គ្មានសម្លៀកបំពាក់ គ្មានអាហារបរិភោគឡើយ។ លុះដល់រដូវបុណ្យ គេដោះលែងឱ្យមកទទួលផល្លានិសង្ឃដែលសាច់សាលោហិត ធ្វើបុណ្យឧទ្ទិសជូន។
ប្រជាជនខ្មែរជឿថា ព្រលឹងរបស់អ្នកទាំងនោះនឹងមកដល់វត្តអារាម ហើយទទួលការផ្តល់ជូនពីសាច់ញាតិ ឬកូនចៅរបស់ពួកគេ តាមរយៈការអធិដ្ឋានដោយព្រះសង្ឃ។ ម៉្យាងទៀត គេខ្លាចជីដូនជីតាដាក់ប្រទេចបណ្តាសាឱ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្តហើយ នៅមិនឃើញ សាច់ញាតិធ្វើបុណ្យឧទ្ទិសឱ្យ។
មួយវិញទៀត គេសង្ឃឹមថា កុសលផលបុណ្យដែលគេបានធ្វើនៅជាតិនេះ នឹងនាំឱ្យគេទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនរហូតដល់ជាតិក្រោយ។