ខេត្តប៉ៃលិន ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់ជួលស្នាក់នៅរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលរបស់ជនរងគ្រោះក្នុងបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឱ្យដឹងថា បុរសរងគ្រោះខាងលើ មានឈ្មោះកេត សុធា ភេទប្រុស អាយុ៤៦ឆ្នាំ អតីតយោធា មានស្រុកកំណើតភូមិស្លាបកោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅបន្ទប់ជួលក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុមានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានអ្នកប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ រួចក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋានខេត្ត ផ្នែកកោសល្យវិច័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក និងសមត្ថកិច្ចមូលដ្ឋានបានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសពនៅនឹងបន្ទប់របស់ជនរងគ្រោះស្នាក់នៅក្នុងបុរីម្កុដពេជ្រ។

កម្លាំងនគរបាលជំនាញបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺគាំងបេះដូងពិតប្រាកដមែន មិនពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីឡើយ។
កម្លាំងនគរបាលជំនាញបានប្រគល់សាកសពជូនគ្រួសាជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕