Monday, November 24, 2025
Homeព័ត៌មានជាតិតែ២នាក់ពូក្មួយ ក្លែមសម្តីចុះឡើង ចូលពេទ្យម្នាក់

តែ២នាក់ពូក្មួយ ក្លែមសម្តីចុះឡើង ចូលពេទ្យម្នាក់

ខេត្តកោះកុង ៖ បុរស២នាក់ត្រូវជាពូក្មួយនឹងគ្នាបានអង្គុយផឹកស្រាជាមួយគ្នា រហូតដល់ស្រវឹងជោកក៏ចាប់ផ្តើមក្លែមសម្តីដាក់គ្នាទៅវិញទៅមក ធ្វើឱ្យកើតជាជម្លោះឈានដល់អំពើហិង្សា ដោយភាគីបុរសជាពូបានស្ទុះទៅទាញពូថៅដៃមកវាយសំពងទៅលើក្មួយប្រុស បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុច ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផល ប៊ុនផង់ ហៅង៉ែត អាយុ ២៧ឆ្នាំ មុខរបរកសិករ។

ចំណែកជនរងគ្រោះ មានឈ្មោះកាន់ ឃា អាយុ១៧ឆ្នាំ។ អ្នកទាំងពីរត្រូវជាពូក្មួយនឹងគ្នា និងមានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះនិងជនសង្ស័យ ២នាក់ពូក្មួយ បាននាំគ្នាទិញស្រាមកអង្គុយផឹកស៊ីជុំគ្នា ដោយផឹកបណ្តើរជជែកគ្នាលេងបណ្តើរ ឮតែសំឡេងសើចសប្បាយក្អាកក្អាយ។

ប្រភពបានបន្តថា លុះក្រោយពីស្រវឹងធ្លាក់ភ្នែករៀង ខ្លួនអ្នកទាំងពីរក៏ចាប់ផ្តើមក្លែមសម្តីដាក់គ្នាទៅវិញទៅមក រហូតឈានដល់ការប្រតាយប្រតប់ ហើយភ្លាមនោះជនសង្ស័យបានស្ទុះទៅទាញពូថៅដៃមកវាយដំពងជនរងគ្រោះជាក្មួយប្រុសចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែក ស្រុកស្រែអំបិល ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យនាំយកទៅសាកសួរនៅអធិការដ្ឋាន ដើម្បីបំពេញសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES