Monday, November 24, 2025
Homeព័ត៌មានជាតិព្យាយាមជួយសង្គ្រោះខ្លាំងណាស់... ប៉ុន្តែបានត្រឹមអស់សង្ឃឹម

ព្យាយាមជួយសង្គ្រោះខ្លាំងណាស់… ប៉ុន្តែបានត្រឹមអស់សង្ឃឹម

ខេត្តរតនគិរី ៖ យុវជនជាព្រានព្រៃចំនួន៣នាក់ បានស្ពាយកាំភ្លើងច្នៃដើរចូលព្រៃបំណងបរបាញ់សត្វ ស្រាប់តែអកុសលយុវជនម្នាក់បានធ្វើឱ្យរាលកៃកាំភ្លើងចំក្បាលខ្លួនឯងបណ្តាល ឱ្យរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង២រសៀល ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ នៅត្រង់ចំណុចអូរកប ស្ថិតនៅក្នុងភូមិកាហល ឃុំម៉ាលិក ស្រុកអណ្តូងមាស។

មន្ត្រីនគរបាលស្រុកអណ្តូងមាស បានឱ្យដឹងថា ជនរងគ្រោះដែលរាលកៃកាំភ្លើងបណ្តាលឱ្យចំខ្លួនឯងស្លាប់ មានឈ្មោះសល់ ចំម៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជាជនជាតិទំពួន មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះរួមនឹងមិត្តភក្តិ២នាក់ទៀត រួមមាន ទី១-ឈ្មោះរម៉ាម ពឹន ភេទប្រុស អាយុ១៩ឆ្នាំ ជាជនជាតិទំពួន មុខរបរកសិករ ២-ឈ្មោះរម៉ាម ណា ភេទប្រុស អាយុ១៥ឆ្នាំ ជាជនជាតិទំពួន មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា បាននាំគ្នាទៅបរបាញ់សត្វព្រៃនៅចំណុចអូរកប។ លុះចូលដល់ក្នុងព្រៃ មិនដឹងជាយ៉ាងម៉េច ស្រាប់តែជនរងគ្រោះបានធ្វើឱ្យរាលកៃកាំភ្លើងចំក្បាលខ្លួនឯងបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។

ប្រភពដដែលបន្តថា ក្រោយពីរាលកៃកាំភ្លើងត្រូវខ្លួនឯងហើយ មិត្តភក្តិដែលចូលព្រៃបាញ់សត្វជាមួយគ្នា បានជួយសែងជនរងគ្រោះត្រឡប់មកផ្ទះវិញ និងត្រូវបងប្អូនដឹកតាមរថយន្តមកកាន់មណ្ឌលសុខភាពស្រុកអណ្តូងមាស ប៉ុន្តែដោយមុខរបួសធ្ងន់ធ្ងរពេក ទើបសម្រេចបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត បានដេរមុខរបួសហើយ ក៏ត្រឡប់មកផ្ទះវិញ ស្រាប់តែបានស្លាប់តាមផ្លូវតែម្តង។

ក្រោយពីបានទទួលដំណឹងភ្លាម សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យសពរួចមក នឹងធ្វើកំណត់ហេតុប្រគល់សាកសពទៅឱ្យសាច់ញាតិយកបុណ្យតាមប្រពៃណី៕

RELATED ARTICLES