Monday, November 24, 2025
Homeព័ត៌មានជាតិកាស៊ីណូ បើកសង្វៀនជល់មាន់

កាស៊ីណូ បើកសង្វៀនជល់មាន់

ខេត្តព្រៃវែង ៖ កាស៊ីណូអត់ច្បាប់មួយកន្លែងបានបើកសង្វៀនបញ្ជល់មាន់និងល្បែងស៊ីសងគ្រប់ប្រភេទ ហើយថែមទាំងបើកឱ្យជនជាតិខ្មែរ និងជនជាតិវៀតណាម ឆ្លងដែនខុសច្បាប់ចូលមកលេងដោយសេរីទៀតផង ជាហេតុធ្វើឱ្យកើតមានបទល្មើសឆ្លងដែនខុសច្បាប់ និងមានចោរលួចផ្សេងៗនៅតាមព្រំដែន ជាពិសេស ច្រកតំបន់ស្វាយអាង៉ោង ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក។

ប្រភពពីពលរដ្ឋបានឱ្យដឹងថា កាស៊ីណូនេះបើកឱ្យលេងល្បែងគ្រប់ប្រភេទ និងល្បែងជល់មាន់ជាយូរមកហើយ គេឃើញមានជនជាតិខ្មែរ និងវៀតណាម ឆ្លងដែនខុសច្បាប់ បានយួរកន្ត្រកមាន់មកលែងលេងសឹងតែរាល់ថ្ងៃ ស្រែកហ៊ោកញ្ជ្រាវតាំងពីថ្ងៃត្រង់រហូតល្ងាច។ ចំណែកឯជនជាតិវៀតណាម ទាំងស្រីប្រុសបានជិះទូកឆ្លងដែនចូលមកលេងល្បែងដោយសេរីគ្មានមន្ត្រីច្រកមកត្រួតពិនិត្យនោះទេ។

ប្រភពដដែរបន្តថា ពលរដ្ឋតែងតែឃើញក្រុមអ្នកញៀនល្បែង បានមកលេងស្ទើររាល់ថ្ងៃទៅហើយ មិនដែលឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចជំនាញ មកធ្វើការបង្ក្រាបម្តងណាឡើយ។ អំពើទាំងនេះជះឥទ្ធិពលដល់បងប្អូនខ្មែរយើង បង្កជាជម្លោះ លក់ដីផ្ទះស្រែ ឬ គោ ក្របី ជាដើម។

គួររំលឹកថា ស.ជ.ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឱ្យបើកមជ្ឈមណ្ឌលកំសាន្តកាស៊ីណូ រាល់ល្បែងស៊ីសង គឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់ មាន់ ឬបក្សីកីឡានោះទេ ម៉្យាងទៀតភ្ញៀវខ្មែរមិនត្រូវបានអនុញ្ញាតឱ្យចូលលេងល្បែងកាស៊ីណូនោះឡើយ។ រីឯទីកន្លែងដែលអាចសាងសង់កាស៊ីណូ គឺអាចមានតែតាមច្រកព្រំដែនអន្តរជាតិតែប៉ុណ្ណោះ មិនអនុញ្ញាតឱ្យដាក់ទីតាំងតាមច្រកតំបន់ និងច្រករបៀងទេ។ ក្នុងនោះដែរ រាជរដ្ឋាភិបាល ក៏បានប្រកាសឱ្យបិទល្បែងបក្សីកីឡា និងចេញបទបញ្ជាក្តៅដល់រាល់អាជ្ញាធរមូលដ្ឋាន ត្រូវចុះបង្ក្រាបទីតាំងល្បែងជល់មាន់ឱ្យបានគ្រប់ទីកន្លែងទៀតផង។

ផ្ទុយទៅវិញ ដូចអ្វីដែលជាក់ស្តែង កាស៊ីណូដែលមានទីតាំងខាងលើនេះ ហាក់ដូចជាផ្គើននិងច្បាប់របស់រដ្ឋ ជាពិសេសបទបញ្ជាររបស់ថ្នាក់ដឹកនាំដែលហ៊ានបើកកាស៊ីណូលេងល្បែងខុសច្បាប់យ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចញញើតច្បាប់នោះទេ ឬក៏អាងមានខ្នងជាមន្ត្រីធំ?។

ឆ្លើយតប និងការលើកឡើងខាងលើ លោកមេកាឈ្មោះតី បានបញ្ជាក់ប្រាប់ថា បានដាក់ឯកសារទៅខេត្តហើយ ហើយខេត្តចេញ ស.ជ.ណ ឱ្យលេង។

ចំណែកលោកព្រុំ សន្ធ ស្នងការខេត្តព្រៃវែង មិនអាចសំការបកស្រាយបានទេ ព្រោះតែចូលមិនមានអ្នកលើក។ ប៉ុន្តែកាស៊ីណូនៅតេបន្តធ្វើអាជីវកម្ម យ៉ាងពេញបន្ទុក ដោយគ្មានអាជ្ញាប័ណ្ណអនុញ្ញាតឱ្យលេងល្បែងបក្សីកីឡាទេ៕

RELATED ARTICLES