ខេត្តប៉ៃលិន ៖ បុរស២នាក់បងប្អូនបង្កើតបានកើតមានជម្លោះនឹងគ្នាបែកផ្សែង ពីរឿងធ្វើម្ហូបមិនឆ្ងាញ់ ដោយប្អូនប្រុសខំធ្វើម្ហូបហត់ស្ទើរស្លាប់ ស្រាប់តែបងប្រុសមកដល់ភ្លក់រសជាតិ រួចក៏ជះសម្តីថា “ស្លស៊ីមិនកើត” រួចក៏បោកចានឆ្នាំងចោលខ្ទេចអស់ ធ្វើឱ្យកើតជាទំនាស់ពាក្យសម្តីមួយប្រាវ ស្រាប់តែជនបង្កជាបងប្រុសស្ទុះទៅវាយប្អូនប្រុស បណ្តាលឱ្យរងរបួសយ៉ាងដំណំ និងត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួន បងប្រុសកំណាចយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០យប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០១៩ នៅចំណុចភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនបង្កហេតុជាបងប្រុសមានឈ្មោះខុម បូរាណា ហៅសិរ៉ាន់ អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាប្អូនប្រុសបង្កើតរបស់ជនបង្ក មានឈ្មោះខុម បូរី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ រងរបួសបែកមាត់ និងបែកក្បាល។ បងប្អូនទាំង២នាក់ខាងលើ ស្នាក់នៅផ្ទះជាមួយគ្នាក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាប្អូនប្រុសបានឆ្លៀតពេលទំនេរពីការលក់ដូរខំទៅធ្វើម្ហូបដើម្បីហូបជុំគ្នា ជាមួយបងប្រុស (ជនបង្ក)។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ជនបង្កក៏បានត្រឡប់មកដល់ផ្ទះវិញ រួចក៏ចូលទៅរកបាយហូប លុះទៅដល់ឃើញម្ហូបនៅក្នុងឆ្នាំង ក៏យកវែកដួសភ្លក់ ស្រាប់តែភ្លក់រសជាតិរួច ជនបង្កក៏បានជះសម្តីដាក់ជនរងគ្រោះជាប្អូនប្រុសថា “ស្លស៊ីមិនកើត អត់ឆ្ងាញ់សោះ” លុះជនរងគ្រោះដែលខំធ្វើម្ហូបហត់ស្ទើរស្លាប់ ឮបែបនេះក្តៅស្លឹកត្រចៀក ក៏តបតសម្តីទៅបងប្រុសវិញខ្លះទៅ ជាហេតុធ្វើឱ្យជនបង្កផ្ទុះកំហឹង លើកឆ្នាំងសម្លបោកចោលខ្ទេចអស់។ បន្ទាប់មក ដោយសារតែមិនទាន់រំសាយកំហឹងអស់ពីក្នុងខ្លួន ស្រាប់តែជនដៃដល់បានស្ទុះចូលទៅវាយប្អូនប្រុសទាំងកំរោល បណ្តាលឱ្យរងរបួសបែកមាត់និងបែកក្បាលយ៉ាងដំណំ។
ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីឱ្យជួយអន្តរាគមន៍។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើភ្លាម កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ នាំទៅកាន់អធិការដ្ឋានក្រុងប៉ៃលិន ជាបណ្តោះអាសន្ន ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


