Monday, November 24, 2025
Homeព័ត៌មានជាតិច្បាស់ត្រង់ GPS ហ្នឹងតែម្តង!!!អូសកប្តីចេញពីផ្ទះសំណាក់

ច្បាស់ត្រង់ GPS ហ្នឹងតែម្តង!!!អូសកប្តីចេញពីផ្ទះសំណាក់

ភ្នំពេញ ៖ ស្ត្រីម្នាក់បានអះអាងថា ប្តីរបស់ខ្លួនជាមនុស្សខិលខូចរឿងស្រីញី រហូតដល់លួចលាក់នាំស្រីស្នេហ៍ឡើងផ្ទះសំណាក់ជាញឹកញាប់ ប៉ុន្តែមិនធ្លាប់ចាប់បានម្តងណាសោះ លុះក្រោយមក ស្ត្រីជាប្រពន្ធក៏សម្រេចចិត្តលួចដាក់ប្រព័ន្ធ​ GPS នៅក្នុងម៉ូតូរបស់ប្តីដើម្បីតាមដានសកម្មភាពប្តី ទីបំផុត ក៏ដឹងថា ប្តីកំហូចនាំស្រីស្នេហ៍ទៅរួមស្នេហ៍ក្នុងផ្ទះសំណាក់មួយកន្លែង ទើបប្តីសមត្ថកិច្ចតាមមកអូសកប្តីនិងស្រីស្នេហ៍ដល់បន្ទប់ផ្ទះសំណាក់។

ហេតុការណ៍ប្រពន្ធតាមទាន់ប្តីនាំស្រីឡើងផ្ទះសំណាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះសំណាក់ស្រែខ្មែរ មានទីតាំងនៅខាងក្រោយរបងសាលាបឋមសិក្សាសន្ធរម៉ុក តាមបណ្តោយផ្លូវ១៣៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ស្ត្រីជាប្រពន្ធដែលអះអាងថា តាមទាន់ប្តីកំពុងនាំស្រីមករួមស្នេហ៍ក្នុងផ្ទះសំណាក់នេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជាង៤០ឆ្នាំ ស្លៀករ៉ូបពណ៌ខ្មៅលាយផ្កាពណ៌ស និងពាក់អាវយឺតដៃវែងពណ៌ខ្មៅពីខាងក្រៅ ព្រមទាំងពាក់ម៉ាសក៍ទៀតផង។ ចំណែកបុរសជាប្តីត្រូវបានស្ត្រីជាប្រពន្ធបង្ហាញរូបថតដល់ក្រុមអ្នកសារព័ត៌មាននិងពិនិត្យតាមភិនភាគ មានវ័យប្រមាណ៤០ឆ្នាំដូចគ្នា។

តាមសម្តីស្ត្រីជាប្រពន្ធបានបញ្ជាក់ឱ្យដឹងត្រួសៗថា គាត់និងប្តីបានរួមរស់នឹងគ្នាជាច្រើនឆ្នាំមកហើយ រហូតបង្កើតបានកូនប្រុសស្រី៣នាក់ (ប្រុស២ ស្រី១) ជាចំណងនិស្ស័យ។ កន្លងមកប្តីរបស់គាត់គឺជាមនុស្សខិលខូចខ្លាំងណាស់ ពិសេសរឿងស្រីញី គឺប្តីតែងលួចលាក់មានស្រីរាប់មិនអស់ជាយូរមកហើយ តែគាត់មិនដែលចាប់បានម្តងណាសោះ។ ចំណែកជីវិតរស់នៅប្រចាំថ្ងៃ ប្តីរបស់គាត់មិនដែលចាត់ទុកគាត់ជាប្រពន្ធនោះទេ និងតែងរករឿងធ្វើបាបចិត្តគាត់ជារឿយៗ។

ស្ត្រីជាប្រពន្ធបានបន្តថា ដោយសារតែចង់តាមដានពីសកម្មភាពផិតក្បត់របស់ប្តី ទើបគាត់បានលួចដាក់ប្រព័ន្ធ GPS នៅក្នុងម៉ូតូរបស់ប្តីដោយមិនឱ្យប្តីដឹងឡើយ។ រហូតមកដល់ថ្ងៃកើតហេតុ គាត់បានតាមដានប្រព័ន្ធ GPS ក៏ដឹងថា ប្តីបាននាំស្រីស្នេហ៍ចូលមកក្នុងផ្ទះសំណាក់ខាងលើ ទើបគាត់ប្រញាប់ធ្វើដំណើរមកដល់ផ្ទះសំណាក់ខាងលើ និងរាយការណ៍ប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ ដើម្បីឈានដល់ការឃាត់ខ្លួនបុរសជាប្តីនិងស្រីស្នេហ៍ក្នុងបន្ទប់ជាក់ស្តែងតែម្តង។

ក្រោយកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ និងបានចូលទៅដល់ក្នុងផ្ទះសំណាក់ ដើម្បីជួយសម្របសម្រួល និងអន្តរាគមន៍ចំពោះករណីខាងលើនេះ តាមបណ្តឹងរបស់ស្ត្រីជាប្រពន្ធផងដែរ៕

RELATED ARTICLES