Monday, November 24, 2025
Homeព័ត៌មានជាតិសត្វព្រៃលក់ព្រោងព្រាត យូរៗចាប់ម្តង បានតិចតួច

សត្វព្រៃលក់ព្រោងព្រាត យូរៗចាប់ម្តង បានតិចតួច

ខេត្តស្ទឹងត្រែង ៖ មន្ត្រីរដ្ឋបាលព្រៃឈើបានឆ្មក់ចូលក្នុងផ្សាររកឃើញសាច់សត្វព្រៃដែលអាជីវករដាក់លក់យ៉ាងចំហរាល់ថ្ងៃ ដោយប្រមូលបានជាង៣០គីឡូក្រាម តែមិនដែលចាប់បានអ្នកលក់សោះ ទើបបទល្មើសបាញ់ចាប់សត្វព្រៃនៅតែមាន។ ការឆ្មក់ចូលបង្ក្រាបការលក់សាច់សត្វព្រៃនេះ សមត្ថកិច្ចបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងផ្សារស្ទឹងត្រែង។

បើតាមក្រុមមន្ត្រីដែលបានចុះប្រតិបត្តិការនេះ បានឱ្យដឹងថា ជាលទ្ធផលសមត្ថកិច្ចប្រមូលរឹបអូសបានសត្វព្រៃ សរុបប្រមាណជា៣៣គីឡូក្រាម ក្នុងនោះមានសាច់ជ្រូកព្រៃ ទម្ងន់១៧គីឡូក្រាម សាច់ឈ្លូស ទម្ងន់១៥គីឡូក្រាម និងសត្វត្រកួតងាប់ ចំនួន១ក្បាល ទម្ងន់១គីឡូក្រាម ហើយត្រូវបានយកទៅដុតកម្ទេចចោល។

ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង ក៏ដូចជាអាជីវករលក់ដូរនៅក្នុងផ្សាររិះគន់ថា យូរៗសមត្ថកិច្ចមេព្រៃដែលជាមន្ត្រីជំនាញចុះទៅបង្ហើបម្តង កុំឱ្យគេថា អត់ធ្វើការសោះ តែតាមពិតគេដឹងអស់ និងស្គាល់ច្បាស់ថា អ្នកណាជាអ្នកលក់ ព្រោះគេលក់លើគ្រែ ដូចសាច់ជ្រូក សាច់គោដែរ និងមាន៦កន្លែង លក់ទាំងព្រឹកទាំងល្ងាចរាល់ថ្ងៃ ចាប់ព្រឹកលក់ល្ងាច ព្រោះសាច់មានស្តុកក្នុងធុងទឹកក ឯសមត្ថកិច្ចទៅប្រមូលបានតិចតួចតែនៅលើគ្រែប៉ុណ្ណោះ។

ប្រភពដដែលនិយាយថា បើសមត្ថកិច្ចចង់ចាប់អ្នកលក់មិនមែនចាប់មិនបាននោះទេ ព្រោះគេលក់រាល់ថ្ងៃតែនេះប្រហែលជាចេតនា ទុកឱ្យមានលក់សមគំនិតនឹងការប្រព្រឹត្តល្មើសរបស់ក្រុមព្រានដើរទាក់បាញ់ និងចាប់យកមកលក់ឱ្យ៕

RELATED ARTICLES