ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ព្រោះតែខឹងប្តីដែលកំពុងរស់នៅប្រទេសជប៉ុន ក៏បបួលប្រុសស្នេហ៍ទៅដើរលេងនៅឯខេត្តព្រះសីហនុ តែត្រូវខាងប្រុសស្នេហ៍ប្រកែកមិនព្រមទៅ ទើបណាត់គ្នាទៅជួបនៅផ្ទះសំណាក់វិញម្តង លុះក្រោយមកខាងស្រីក៏សម្រេចចិត្តគិតខ្លីលេបថ្នាំអស់ជាច្រើនគ្រាប់ បណ្តាលឱ្យបែកពពុះមាត់ស្លាប់ ចំណែកខាងប្រុសឃើញស្រីស្នេហ៍លេបថ្នាំស្លាប់ភ័យពេក ក៏ប្រមូលថ្នាំដែលនៅសល់លេបដែរ តែដោយថ្នាំនោះតិចតួច ទើបមិនប៉ះពាល់ដល់អាយុជីវិតនោះទេ និងត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបន្ទប់លេខ A101 ផ្ទះសំណាក់យីហោ សុខា សម្បត្តិ ផ្លូវលេខ១១០ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ស្ត្រីរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះមួន ស្រីនឿន អាយុ២៩ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ និងមានស្រុកកំណើតនៅភូមិឱម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ចំណែកខាងប្រុស មានឈ្មោះយ៉ែម នៅ អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញ វត្ថុតាង រួមមានសម្បកថ្នាំមួយចំនួន មានសម្បក ថ្នាំ TRAUIC ប្រើអស់ចំនួន៤បន្ទះ សម្បកប្រអប់២ និងសម្បកថ្នាំ Laroxyl មាន១បន្ទះ ប្រើអស់៣០គ្រាប់ ថ្នាំ MIRAL GINE អស់១៨គ្រាប់ ថ្នាំ TRAVIC អស់៣៩គ្រាប់។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីខាងបុគ្គលិកផ្ទះសំណាក់ខាងលើមកថា មានករណីគូស្នេហ៍លេបថ្នាំសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះសំណាក់។ ភ្លាមៗនោះ កម្លាំងជំនាញក៏បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ និងបានប្រទះឃើញខាងស្រី (ស្ត្រីរងគ្រោះ) បានបែកពពុះមាត់ស្លាប់បាត់ទៅហើយ ទាំងស្លៀកខោស្នាប់ភ្លៅ ចំណែកខាងប្រុសនៅមានដង្ហើមនៅឡើយ គ្រាន់តែបាត់បង់ស្មារតី ទើបប្រញាប់ដឹកបញ្ជូនបុរសរូបនោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ភ្លាមៗ។
លោកអធិការបន្តថា ក្រោយពេលគ្រូពេទ្យសង្គ្រោះជនរងគ្រោះ រហូតដល់ដឹងឡើងមានស្មារតីគ្រប់គ្រាន់ឡើងវិញ សមត្ថកិច្ចក៏បានចុះធ្វើការសាកសួរបុរសរូបនោះ ដើម្បីចង់ដឹងពីដំណើរដើមរឿងលម្អិត ពិសេសមូលហេតុដែលឈានដល់ការធ្វើអត្តឃាតទាំង២នាក់បែប នេះ។
តាមការបញ្ជាក់ឱ្យដឹងពីបុរសរងគ្រោះខាងលើ ពួកគេបានស្រលាញ់គ្នាអស់រយៈពេល៧ខែមកហើយ ដោយខាងស្រីគឺមានប្តីរួចទៅហើយ ហើយប្តីនោះកំពុងរស់នៅឯប្រទេសជប៉ុនឯណោះ។ នៅមុនពេលកើតហេតុ ខាងស្ត្រីជាគូស្នេហ៍បានកើតមានទំនាស់ជាមួយប្តីរបស់នាងនៅឯប្រទេសក្រៅ (ប្រទេសជប៉ុន) ដែលមិនបានផ្ញើលុយមកឱ្យ ទើបធ្វើឱ្យនាងខឹងក៏បបួលរូបគេដែលជាគូស្នេហ៍ចេញទៅដើរកំសាន្តនៅសមុទ្រ (ខេត្តព្រះសីហនុ) តែរូបគេបដិសេធមិនទៅ ក៏សម្រេចចិត្តណាត់ជួបគ្នានៅផ្ទះសំណាក់មួយ ក្នុងក្រុងតាខ្មៅនេះវិញ។
បុរសខាងលើ បញ្ជាក់ថា អំឡុងពេលនៅក្នុងផ្ទះសំណាក់នោះ ខណៈដែលរូបគេបានដើរចូលបន្ទប់ទឹកមួយសន្ទុះ ចេញមកវិញ ស្រាប់តែឃើញខាងស្រីស្នេហ៍កំពុងបែកពពុះមាត់ ហូរឈាមតាមច្រមុះ តាមមាត់ និងមានថ្នាំជាច្រើននៅរាយប៉ាយក្នុងបន្ទប់ ខណៈនោះដោយសារតែរូបគេភ័យពេក ទើបដើរចូលបន្ទប់ទឹកវិញបំរុងចងក តែចុងក្រោយក៏សម្រចចិត្តលេបថ្នាំដែលសេសសល់ពីខាងស្រីលេបនោះមកលេប ទើបបណ្តាលឱ្យប្រតិកម្មថ្នាំសន្លប់បែបនេះតែម្តង។
យ៉ាងណាក្តី ករណីខាងលើនេសមត្ថកិច្ចកំពុងធ្វើការសាកសួរបុរសរងគ្រោះរូបនោះបន្ថែមនៅឡើយ។
គួររំលឹកថា តាមការបញ្ជាក់ឱ្យដឹងពីខាងផ្ទះសំណាក់ខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ គេឃើញបុរសរងគ្រោះឈ្មោះយ៉ែម នៅ បានចូលមកជួលបន្ទប់លេខ A101 សម្រាកតែម្នាក់ឯង១យប់។ រហូតមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ទើបឃើញស្ត្រីឈ្មោះមួន ស្រីនឿន (ជនរងគ្រោះ) បានចូលមកសម្រាកជាមួយប្រុសស្នេហ៍។
ប្រភពដដែលបន្តថា លុះដល់វេលាម៉ោងជាង២រសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ឈ្មោះជួន កុសល ភេទប្រុស អាយុ៣៤ឆ្នាំ មានបុរសជាសន្តិសុខផ្ទះសំណាក់ខាងលើ បានដើរមើលភ្ញៀវតាមបន្ទប់ ព្រោះដល់ម៉ោងសម្អាតបន្ទប់ ដើម្បីឱ្យភ្ញៀវបង់លុយបន្តការស្នាក់នៅជាថ្មីទៀត។
បន្ទាប់មក សន្តិសុខរូបនោះបានទៅគោះទ្វារបន្ទប់លេខ A101 តែភ្ញៀវមិន ព្រមបើកទ្វារទេ រួចក៏បានដើរទៅយកសោមកចាក់បន្ទប់នោះ ចូលទៅក៏ឃើញភ្ញៀវប្រុស ឈ្មោះយ៉ែម នៅ ដើរចុះដើរឡើងក្នុងបន្ទប់ ហើយសន្តិសុខក៏បានសួរនាំ តែគេមិននិយាយស្តីអ្វីទេ ដោយសារបុរសជាភ្ញៀវនេះហាក់កំពុងមានស្មារតីមិននឹងន៎នោះទេ។
សាក្សីជាសន្តិសុខប្រាប់សមត្ថកិច្ចទៀតថា បន្ទាប់មកដោយមានការសង្ស័យ គាត់ក៏បានហៅបុគ្គលិកផ្ទះសំណាក់ឱ្យជួយមើល ក៏ឃើញស្ត្រីម្នាក់ជាដៃគូឈ្មោះមួន ស្រីនឿន ដេកបែកពពុះមាត់នៅលើពូក រួចបានរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះទៅពិនិត្យភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើការសន្និដ្ឋានជាជំហានដំបូងថា ការចូលមកស្នាក់នៅក្នុងបន្ទប់ជាមួយ គ្នានេះ ពួកគេពិតជាមានការណាត់គ្នាមកលេបថ្នាំ ដោយមានវិបត្តិប្រការណាមួយហើយ។
ការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបច្ចេកទេសខេត្តកណ្តាល និងនគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរ និងគ្រូពេទ្យមន្ទីរពេទ្យជ័យជំនះថា ស្ត្រីរងគ្រោះពិតជាបានស្លាប់ដោយសារការប្រើប្រាស់ថ្នាំហួសកំណត់សង្ស័យក្នុងគោលបំណងធ្វើអត្តឃាត។
ក្រោយពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ ដោយឡែក ឈ្មោះយ៉ែម នៅ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ៕




