ខេត្តកណ្តាល ៖ បុរសម្នាក់ចេញទៅឆក់ត្រីខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង។
បុរសរងគ្រោះខាងលើ មានឈ្មោះមើ ម៉ៅ អាយុ៤៩ឆ្នាំ មុខរបរកសិករ មានលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង។ សម្ភារនៅ កន្លែងកើតហេតុ មានអាគុយ៤០អំពែរ១គ្រឿង អាំងវ៉ិចទ័រ១គ្រឿង និងដងសំរាប់ឆក់១គូ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ មុនពេលភ្លៀងធ្លាក់ ជនរងគ្រោះបានចេញពីផ្ទះទៅរកឆក់ត្រីនៅទន្លេបាសាក់ត្រើយខាងកើត ស្ថិតក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង នៅចំ ខាងក្រោយផ្ទះជនរងគ្រោះ។
លុះដល់ម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល មានបងប្អូនខ្មែរឥស្លាមម្នាក់បានចុះរាយមង នៅក្បែរចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញសពជនរងគ្រាះ ហើយបានឡើងមកប្រាប់អ្នកភូមិ ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ក្រុមគ្រួសារជនរងគ្រោះ នាំគ្នាចុះទៅ មើលឃើញជនរងគ្រោះដេកស្លាប់ក្នុងទឹក ដោយមានឧបករណ៍ឆក់ត្រីស្ពាយជាប់នឹងខ្លួនទៀតផង រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍តែម្តង។
ក្រោយទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញពិនិត្យហេតុស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍តាលន់ ក្រុមប្រឹក្សា គ្រូពេទ្យ មេភូមិបានចុះធ្វើការពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារតែត្រូវឧបករណ៍ឆក់ត្រីឆក់បណ្តាលឱ្យស្លាប់។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

