Monday, November 24, 2025
Homeព័ត៌មានជាតិស្រវឹងហើយ មិនព្រមដេកទេ ទាល់តែមានរឿងកើតឡើង

ស្រវឹងហើយ មិនព្រមដេកទេ ទាល់តែមានរឿងកើតឡើង

ខេត្តសៀមរាប ៖ បុរសម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងជោកជាំ ក៏ដើរឆ្លងស្ពានឈើកាត់ទឹកស្ទឹងតែម្នាក់ឯង ស្រាប់តែអកុសល រអិលជើង ធ្លាក់ស្ពាន ដោយជើងម្ខាងនៅគងលើស្ពាន ចំណែកដងខ្លួនបានលិចចូលទៅក្នុងទឹក បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចស្ទឹងកណ្សិណដៃឆ្នាំង ស្ថិតក្នុងភូមិគរក្រៅ សង្កាត់គោកចក។

សាកសពជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះមាន ញឹក ហៅ ញៀន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងសំណង់ មានលំនៅក្នុង ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះ បានជួបជុំ ផឹកស៊ីជាមួយមិត្តភក្តិរហូតដល់ស្រវឹងជោកជាំ លុះពាក់កណ្តាលយប់ ទើបក្រោកដើរត្រឡប់ទៅផ្ទះវិញតែម្នាក់ឯង រួចក៏បាត់ខ្លួនរហូត។ ស្រាប់តែ ព្រឹកព្រលឹមឡើង ក៏មានការផ្អើលឆោឡោ ប្រទះឃើញជនរងគ្រោះលង់ទឹកស្លាប់តែម្តង។

ប្រភពដដែលបន្តថា តាមការបញ្ជាក់ឱ្យដឹងពីសាក្សី នៅមុនពេលកើតហេតុ ខណៈដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ ក៏ប្រទះឃើញ សាកសពជនរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ ដោយជើងម្ខាងនៅគងជាប់ស្ពាន ចំណែកដងខ្លួនជនរងគ្រោះបានធ្លាក់ដាំក្បាលចូលទឹកលិចបាត់ ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារ លង់ទឹកប្រាកដមែន។ មូលហេតុ ដោយសារតែជនរងគ្រោះផឹកស្រាស្រវឹង ហើយដើរឆ្លងស្ពានឈើ បំណងទៅកាន់ត្រើយម្ខាងនៃទឹកស្ទឹង តែអកុសល ដោយសារជនរងគ្រោះស្រវឹងខ្លាំងពេក ទើបរអិលជើងផុងស្ពាន ធ្លាក់ចូលទឹក លង់ស្លាប់តែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES