Monday, November 24, 2025
Homeព័ត៌មានជាតិមុនធ្វើអី គិតដល់កូនតូចផង គ្នាមិនបានដឹងរឿងអីនោះទេ

មុនធ្វើអី គិតដល់កូនតូចផង គ្នាមិនបានដឹងរឿងអីនោះទេ

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវប្តីទាមទារលែងលះចែកផ្លូវគ្នា ដោយសំអាងថា រួមរស់មិនចុះសម្រុង ហើយទោះជាស្ត្រីជាប្រពន្ធព្យាយាមសម្របសម្រួលយ៉ាងណា ក៏ប្តីនៅតែប្រកាន់ចិត្តដាច់អហង្កាថា ត្រូវតែលែងដាច់ខាត ទើបធ្វើឱ្យប្រពន្ធឈឺចិត្តស្អិតទ្រូងខ្លាំងពេកក៏ដាច់ចិត្តបីកូនតូចអាយុ១ខួប ដើរឡើងស្ពានព្រះមុនីវង្ស បំណងលោតទឹកសម្លាប់ខ្លួនទាំង២នាក់ម៉ែកូន តែសំណាងល្អត្រូវសមត្ថកិច្ចជិះម៉ូតូល្បាតឆ្លងកាត់ ប្រទះឃើញក៏ឈប់ម៉ូតូចុះទៅឃាត់ទាន់ពេល។

ហេតុការណ៍ស្ត្រីតូចចិត្តរឿងប្តីសុំលែង បែរជាគិតខ្លីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន២នាក់កូនតូចមិនទាន់ដឹងក្តីនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចលើស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

ស្ត្រីគិតខ្លីដែលប៉ុនប៉ងនាំកូនតូចទៅលោតទឹកសម្លាប់ខ្លួនខាងលើនេះ មានឈ្មោះជា សុផាវង្ស អាយុ២៨ឆ្នាំ មានលំនៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកបុរសជាប្តី មានឈ្មោះលឹម ចាន់វាសនា អាយុ៣២ឆ្នាំ ជាជាងទង (ជាងមាស) នៅផ្សារច្បារអំពៅ។ ប្តីប្រពន្ធអ្នកទាំងពីរបានរួមរស់បង្កើតបានកូនប្រុសម្នាក់អាយុទើប១ខួប ជាចំណងនិស្ស័យ។

តាមប្រភពពីមន្ត្រីនគរបាលមួយរូប ដែលជាអ្នកជួយសង្គ្រោះស្ត្រីរងគ្រោះខាងលើ និងកូនតូចបានទាន់ពេល បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូល្បាតឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ ស្របពេលនោះគាត់ក៏បានប្រទះឃើញស្ត្រីខាងលើដើរបណ្តើរយំសោកបណ្តើរ ដោយមានបីកូនប្រុសតូចជាប់នៅនឹងដៃផងដែរ។

ប្រភពដដែលបន្តថា ឃើញសភាពបែបនេះ គាត់មានការសង្ស័យក៏ជិះម៉ូតូយឺតៗតាមមើលពីក្រោយរហូត លុះពេលស្ត្រីខាងលើដើរដល់ពាក់កណ្តាលស្ពានព្រះមុនីវង្សចាស់ ស្រាប់តែស្ត្រីរូបនោះបានឈប់ ហើយដាក់ដៃម្ខាងទៅលើបង្កាន់ដៃស្ពាន និងសម្លឹងមើលទៅផ្ទៃទន្លេ ទំនងជាប៉ុនប៉ុងលោតទឹកសម្លាប់ខ្លួន។ ភ្លាមនោះគាត់ឃើញសភាពមិនស្រួលក៏ឈប់ម៉ូតូ ស្ទុះចូលទៅចាប់ឃាត់ស្ត្រីរូបនោះជាប់ភ្លាមៗតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលនិងកកស្ទះនៅចំណុចលើស្ពានមួយសន្ទុះ។

ក្រោយកើតហេតុ កម្លាំងនគរបាលបានដឹកស្ត្រីខាងលើ រួមនឹងកូនតូចតាមម៉ូតូនាំយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ដើម្បីសាកសួរពីដំណើរដើមហេតុដែលនាំឱ្យនាងមានគំនិតគិតខ្លីបែបនេះ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនជាមួយនឹងកូនតូចនេះ បានឆ្លើយថា នាងពិតជាចង់បញ្ចប់ជីវិតដោយលោតទឹកសម្លាប់ខ្លួនជាមួយកូនប្រុសប្រាកដមែន។ មូលហេតុដោយសារនាងមានវិបត្តិក្នុងគ្រួសារ គឺឈ្លោះគ្នាជាមួយបុរសជាប្តី ព្រោះប្តីបានទាមទារលែងលះជាមួយនាង ហើយទោះជានាងប្រឹងសម្របសម្រួលអស់គ្រប់វិធីទៅហើយ នៅតែប្តីមិនព្រម ពោលគឺចង់តែលែងលះនាងតែមួយមុខគត់។

បន្ទាប់ពីសួរនាំដឹងរឿងរ៉ាវអស់ហើយ សមត្ថកិច្ចបានទាក់ទងផ្តល់ដំណឹងដល់ក្រុមគ្រួសារស្ត្រីខាងលើ បន្ទាប់មកគេឃើញវត្តមានបុរសជាប្តីស្ត្រីរូបនោះបានមកដល់ប៉ុស្តិ៍នគររដ្ឋបាលបាលច្បារអំពៅទី២ផងដែរ ប៉ុន្តែការដែលបុរសជាប្តីមកនេះ គឺមិនមែនមកនិយាយសម្របសម្រួលអ្វីដែលជាផលវិជ្ជមានជាមួយស្ត្រីជាប្រពន្ធនិងកូនឡើយ គ្រាន់តែទៅដល់និយាយចំពោះមុខមហាជន និងសមត្ថកិច្ចថា គេមិនអាចនៅរួមរស់ជាមួយស្ត្រីជាប្រពន្ធតទៅមុខទៀតឡើយ ពោលគឺចង់បញ្ចប់គ្នា។

ក្រោយមក បងប្អូនសាច់ញាតិស្ត្រីរងគ្រោះ ពិសេសស្ត្រីជាម្តាយក្មេក បានមកនិយាយលួងលោមកូនប្រសាស្រីរូបនេះ រហូតដល់នាងទន់ចិត្តព្រមបីកូន ឡើងជិះម៉ូតូកង់បីទាំងទឹកភ្នែកត្រឡប់ទៅផ្ទះវិញបាត់ទៅ៕

បុរសជាប្តី ពេលមកជួបប្រពន្ធ ក្នុងប៉ុស្តិ៍ប៉ូលិស
RELATED ARTICLES