Monday, November 24, 2025
Homeព័ត៌មានជាតិអន់ចិត្តខ្លាំង... ក្រោយឮសម្តីនាងចំបុីថា “អាថោកឯងផឹកជាមួយពួកអាអស់ហ្នឹងធ្វើអី?”

អន់ចិត្តខ្លាំង… ក្រោយឮសម្តីនាងចំបុីថា “អាថោកឯងផឹកជាមួយពួកអាអស់ហ្នឹងធ្វើអី?”

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ឃើញប្តីរបស់ខ្លួនកំពុងអង្គុយផឹកស៊ីជាមួយអ្នកជិតខាង ក៏ដើរទៅដៀលប្តីនៅកណ្តាលចំណោម ដោយស្រែកខ្លាំងថា “អាថោកឯងផឹកជាមួយពួកអាអស់ហ្នឹងធ្វើអី?” ជាហេតុធ្វើឱ្យបុរសជាម្ចាស់ផ្ទះដែលហៅបុរសត្រូវប្រពន្ធដៀលនោះមកផឹកជាមួយអន់ចិត្ត ក៏រុញច្រានឱ្យត្រឡប់ទៅផ្ទះវិញ ទើបធ្វើឱ្យកើតជាជម្លោះវាយតប់គ្នា និងត្រូវបុរសជាម្ចាស់ផ្ទះទាញកាំបិតប៉័ងតោកាប់បុរសដែលត្រូវប្រពន្ធដៀល ចំនួន៥កាំបិតចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់ដេរជាង១០០ថ្នេរ។

ករណីអំពើហិង្សាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិ ត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល។

បុរសប្រពន្ធដៀលកណ្តាលចំណោមដែលត្រូវគេកាប់៥កាំបិតរងរបួសធ្ងន់ មានឈ្មោះ សួង បូរី អាយុ៣០ឆ្នាំ (រងរបួសរយះក្បាល៥កន្លែង និងត្រូវគ្រូពេទ្យដេរចំនួន១០០ថ្នេរ) មានប្រពន្ធឈ្មោះឈួន ចំប៉ី ស្នាក់នៅក្នុងភូមិឃុំ កើតហេតុខាងលើ។

ចំណែកជនដៃដល់ មានឈ្មោះ ពិន ចាន់នី អាយុ៣៥ឆ្នាំ ជាមន្ត្រីយោធា ស្នាក់នៅក្នុងភូមិជាមួយគ្នា រងរបួសត្រចៀកខាងឆ្វេងដេរចំនួន៣ថ្នេរ និងរលាត់កំភួនដៃខាងធ្វេង (ឃាត់ខ្លួន)។ សម្ភារចាប់យកកាំបិតប៉័ងតោ ចំនួន១។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យបានផឹកស៊ីនៅមុខបន្ទប់ជួលរៀងៗខ្លួន ក្រោយមកជនសង្ស័យបានហៅជនរងគ្រោះឱ្យមកផឹកជាមួយគ្នា។

លុះពេលជនរងគ្រោះ ដើរមកផឹកជាមួយជនសង្ស័យបានបន្តិច ស្រាប់តែប្រពន្ធជនរងគ្រោះ ឈ្មោះឈួន ចំប៉ី បានស្រែកហៅប្តីរបស់ខ្លួនខ្លាំងៗថា “អាថោកឯងផឹកជាមួយពួកអាអស់ហ្នឹងធ្វើអី? មកដេកភ្លាម…”។

នៅពេលស្តាប់ឮសម្តីរបស់ប្រពន្ធ ជនរងគ្រោះជេរដៀលធ្ងន់ៗបែបនេះ ធ្វើឱ្យជនសង្ស័យខឹងក៏ងើបឡើងរុញជនរងគ្រោះឱ្យទៅផ្ទះវិញ ដោយរុញរហូតដល់មុខបន្ទប់ ទើបជនរងគ្រោះខឹងក៏បានយកដុំថ្មកាន់ ហើយស្ទុះមកវាយជនសង្ស័យ១ដុំថ្មត្រូវត្រង់ត្រចៀក ទើបជនសង្ស័យខឹងស្ទុះទៅបន្ទប់ជួលរបស់ខ្លួន ហើយយកកាំបិតប៉័ងតោទៅកាប់លើជនរងគ្រោះ បណ្តាលឱ្យរយះក្បាលចំនួន៥កន្លែង ដេរចំនួន១០០ថ្នេរ។

ក្រោយកើតហេតុ ជនបង្កបានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ចំណែកជនរងគ្រោះត្រូវបានប្រពន្ធដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។

បន្ទាប់មក នៅវេលាម៉ោង១២ និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវីធី៕

RELATED ARTICLES