Monday, November 24, 2025
Homeព័ត៌មានជាតិប្រើល្បិចដដែលដកលុយបានជាង២មុឺនដុល្លារ ទើបបែកធ្លាយរឿង

ប្រើល្បិចដដែលដកលុយបានជាង២មុឺនដុល្លារ ទើបបែកធ្លាយរឿង

ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលតែងដើរបោកលុយតាមប្រព័ន្ធបើកប្រាក់ Wing និង True Money ត្រូវបានកម្លាំងរបស់នាយកដ្ឋានជំនាញប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាឃាត់ខ្លួន និងបញ្ជូនទៅតុលាការនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ក្រោយការប្រព្រឹត្តបទល្មើសជាក់ស្តែង និងយោងតាមបណ្តឹងជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋជាជនរងគ្រោះ។

សមត្ថកិច្ចឱ្យដឹងថា ស្ត្រីសង្ស័យឈ្មោះឃាង ស្រីណា អាយុ៣៦ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្រោយវត្តមហាមន្ត្រី កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ក្រោមការសម្របសម្រួលរបស់លោកកែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ប្រធាននាយកដ្ឋានជំនាញប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា លោកឧត្តមសេនីយ៍ឯក ជា ពៅ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ ខែសីហា ថា ពាក្យបណ្តឹងដែលសមត្ថកិច្ចបានទទួលពាក់ព័ន្ធនឹងអំពើបោកប្រាស់នេះ មានចំនួន៤ សរុបចំនួនទឹកប្រាក់២០,៩០០ដុល្លារអាមេរិក ដែលករណីនេះបានជំរុញឱ្យមានការប្រញាប់ចុះធ្វើការស៊ើបអង្កេតតាមដាន និងបានឃាត់ខ្លួនស្ត្រីសង្ស័យក្បែរកន្លែងផ្ញើប្រាក់វីងមួយកន្លែងនៅជិតវត្តមហាមន្ត្រី ក្នុងខណ្ឌចម្ការមន រាជធានីភ្នំពេញ។

យោងតាមនាយកដ្ឋានជំនាញប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា ស្ត្រីសង្ស័យរូបនោះពេលធ្វើសកម្មភាពបោកបញ្ឆោតក្នុងកន្លែងបើកប្រាក់វីង ឬទ្រូម៉ានីនៅកន្លែងណាមួយ គាត់តែងនិយាយបញ្ជាក់ប្រាប់ភ្នាក់ងារដកលុយនោះជាមុនថា គាត់ជាអ្នករស់នៅផ្ទះជិតនេះទេ ដែលការនិយាយនោះគឺដើម្បីឱ្យភ្នាក់ងារបើកប្រាក់នោះទុកចិត្ត និងធ្វើប្រតិបត្តិការផ្ទេរប្រាក់ដាក់ទៅលេខទូរស័ព្ទ ០៩៦ ២៣៩ ៣១៨៦ ជាមុន ដើម្បីទទួលបានវិក្កយបត្រនិងលេខកូដសម្ងាត់ ហើយធ្វើជានិយាយថា គាត់ភ្លេចប្រាក់និងចាំទៅយកប្រាក់ពីផ្ទះមកសិន។ បន្ទាប់ពីបានលេខកូដសម្ងាត់នោះហើយ ស្ត្រីនោះបានហៅម៉ូតូឌុបជិះចេញទៅកន្លែងផ្សេង រកដកប្រាក់ ហើយគេចខ្លួនបាត់ ហើយអ្នករត់ម៉ូតូឌុបនោះបានសហការជាមួយសមត្ថកិច្ចជុំវិញការឃាត់ខ្លួនជនសង្ស័យនេះនៅទីតាំងមួយកន្លែងរបស់វីង នៅជិតវត្តមហាមន្ត្រី ក្នុងខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ស្ត្រីជនសង្ស័យឃាង ស្រីណា ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីធ្វើការចោទប្រកាន់តាមផ្លូវច្បាប់។

ប្រធាននាយកដ្ឋានជំនាញប្រយុទ្ធប្រឆាំងនិងបទល្មើសបច្ចេកវិទ្យា លោកឧត្តមសេនីយ៍ឯក ជា ពៅ បានប្រាប់អ្នកកាសែតថា “ក្នុងនាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបទបញ្ជាក្រសួង និងអគ្គស្នងការនគរបាលជាតិ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់មីក្រូហិរញ្ញវត្ថុនៅទីផ្សារបច្ចុប្បន្ន សូមឱ្យមានប្រុងប្រយ័ត្ន ទាំងអ្នកប្រើប្រាស់ទាំងអ្នកម្ចាស់មីក្រូហិរញ្ញវត្ថុ ចំពោះជនខិលខូចដែលឆ្លៀតឱកាសយកបញ្ហានេះមកប្រើប្រាស់ បង្កឱ្យមានភាពអសន្តិសុខនៅក្នុងសង្គម បាត់ស្ថិរភាព បង្អាក់ការអភិវឌ្ឍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យប្រទេសមានការរីកចម្រើនរុងរឿង និងស្ថិរភាពដល់បច្ចុប្បន្ននេះ។ ដូច្នេះត្រូវរួមគ្នាកម្ចាត់និងបំបាត់ចោលនូវជនខិលខូចទាំងអស់នោះ៕

RELATED ARTICLES