ភ្នំពេញ ៖ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចមានស្ថានទម្ងន់ទោស បន្ទាប់ពីជននេះបានប្រព្រឹត្តអំពើហិង្សាទៅលើយុវជនរងគ្រោះម្នាក់ (វាយយកទូរស័ព្ទដៃ១គ្រឿង និងលុយខ្មែរចំនួន១០០០រៀល) នៅចំណុចមុខផ្ទះលេខ១៦៤៣ ផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុមទី៣២ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង៨និង២០នាទីយប់។
ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ស សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានលំនៅ និងមុខរបរមិនពិតប្រាកដ (មានផ្ទុក សារធាតុញៀន)។
ចំណែកជនរងគ្រោះ មាន ឈ្មោះសុខ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានលំនៅផ្ទះលេខ១៤០១ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករបើករ៉ឺម៉កម៉ូតូដឹកឥវ៉ាន់។
ពេលចាប់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងមាន ទូរស័ព្ទដៃ១គ្រឿង ម៉ាកអូប៉ូ ពណ៌កាប់ស្តាំង មានស៊ីមកាតលេខ 096 9447900 និងលុយខ្មែរចំនួន១០០០រៀល (បានប្រគល់ឱ្យជនរងគ្រោះឈ្មោះសុខ សំណាង រក្សាទុកបណ្តោះអាសន្ន)។
ប្រភពដដែលបានឱ្យដឹងដែរថា បន្ទាប់ពីត្រូវជនសង្ស័យវ៉ៃប្លន់យកទូរស័ព្ទដៃ ជនរងគ្រោះបានប្តឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវរក ហើយក្រោយពេលទទួលបណ្តឹងជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍បានស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាជនសង្ស័យ និងឃាត់ខ្លួនឈ្មោះ ស សុវណ្ណ នាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

