ខេត្តកំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវបានអគ្គិភ័យឆេះអស់គ្មានសល់ ខណៈដែលម្ចាស់ផ្ទះរវល់ចេញទៅហាលស្រូវនៅក្រៅផ្ទះ រួចក៏កើតមានហេតុការណ៍ទុស្សេខ្សែភ្លើង ធ្វើឱ្យកើតជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនិងឆាប់រហ័សបំផុត បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក១ស្ថិតក្នុងភូមិព្រៃគ្រីខាងជើង ឃុំព្រៃគ្រី ស្រុកជលគីរី។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានម្ចាស់ឈ្មោះសោ អៃ ភេទស្រី អាយុ៥៣ឆ្នាំ មានកូន៤នាក់នៅក្នុងបន្ទុក រស់នៅចំណុចភូមិឃុំកើតហេតុខាងលើ។

ប្រភពដដែលបានឱ្យដឹងទៀតថា ផ្ទះដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះអស់គ្មានសល់នេះ ធ្វើពីឈើប្រក់សង្ក័សីខ្ពស់ផុតពីដី និងមានទំហំ៧ម៉ែត្រគុណនឹ៥ម៉ែត្រ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអស់មួយចំនួន រួមមានប្រាក់រៀល១លានរៀល ស្រូវ២បេ និងទូរទស្សន៍១គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះមិនបាននៅក្នុងផ្ទះនោះទេ ដោយរវល់ចេញទៅហាលស្រូវនៅខាងក្រៅផ្ទះ លុះបន្តិចក្រោយមកក៏កើតមានករណីទុស្សេខ្សែភ្លើងនៅក្នុងផ្ទះ រួចក៏បង្កឱ្យមានការឆាបឆេះតែម្តង ហើយសមត្ថកិច្ចមិនបានជួយអន្តរាគមន៍ពន្លត់ភ្លើងបានទាន់ពេលវេលានោះទេ ដោយសារតែផ្លូវនៅតាមភូមិក្នុងភូមិសាស្ត្រកើតហេតុនោះ មានសភាពចង្អៀតពិបាកក្នុងការចូលរថយន្តទៅពន្លត់ភ្លើង ទើបបណ្តាលឱ្យឆេះផ្ទះអស់គ្មានសល់បែបនេះ។

ក្នុងករណីអគ្គិភ័យខាងលើនេះ មិនបានបង្កឱ្យឆេះរាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋក្បែរខាងនោះឡើយ ហើយក៏មិនបង្កឱ្យមានរងរបួសដល់មនុស្សណាម្នាក់ដែរ៕
