Monday, November 24, 2025
Homeព័ត៌មានជាតិទិដ្ឋភាពកាន់តែសង្វេគ ពេលសិស្សរួមជំនាន់ជាមួយគាត់ ជូនដំណើរចុងក្រោយ ស្រក់ទឹកភ្នែកគ្រប់គ្នា

ទិដ្ឋភាពកាន់តែសង្វេគ ពេលសិស្សរួមជំនាន់ជាមួយគាត់ ជូនដំណើរចុងក្រោយ ស្រក់ទឹកភ្នែកគ្រប់គ្នា

ខេត្តស្វាយរៀង ៖ យុវជនជាគរុសិស្សម្នាក់ដែលបានចូលរួមបំពេញភារកិច្ចជាសមាជិកជំនួយការអប្បមាទ (អ្នកឈរយាមឆែកឆេរនិងសង្កេតមើលបេក្ខជនប្រឡង) នៅមណ្ឌលប្រឡងវិទ្យាល័យស្វាយជ្រំ សម្រាប់ការប្រឡងបាក់ឌុបកាលពីថ្ងៃទី19-20 ខែសីហា ឆ្នាំ2019 កន្លងទៅថ្មីៗនេះ ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់លើកុដិព្រះសង្ឃ និងត្រូវសមត្ថកិច្ចដាក់ការសង្ស័យថា អាចបណ្តាលមកពីកើតអាការគាំងបេះដូង។

ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាមោ់ងជិត7ព្រឹកថ្ងៃទី21 ខែសីហា ឆ្នាំ2019 នៅចំណុចកុដិព្រះសង្ឃ ស្ថិតក្នុងវត្តព្រៃឆ្លាក់ ភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

ជនរងគ្រោះខាងលើមានឈ្មោះគង់ និវឌ្ឍ ភេទប្រុស អាយុ21ឆ្នាំ មុខរបរជាគរុសិស្ស ថ្នាក់ទី 12+2A1 ឆ្នាំទី1 ជំនាន់ទី37 នៃសាលាគរុកោសល្យនិងវិក្រិតការខេត្តស្វាយរៀង ស្នាក់នៅក្នុងវត្តព្រៃឆ្លាក់ ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅ ភូមិតាភរ ឃុំចន្ត្រី ស្រុករមាសហែក។ ជនរងគ្រោះមានឪពុកឈ្មោះគង់ វទ្ធី អាយុ46ឆ្នាំ ជាគ្រូបង្រៀននៅស្រុករមាសហែក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះបានស្ម័គ្រចិត្តចូលបំពេញការងារជាជំនួយការអប្បមាទ (ឈរយាមឆែកឆេរនិងសង្កេតមើលបេក្ខជនប្រឡង) សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង 19 សីហា 2019 នៅមណ្ឌលវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង ដោយបានបំពេញការងាររយៈពេល2ថ្ងៃ គឺថ្ងៃទី19 និងទី20 ខែសីហា ឆ្នាំ2019 ហើយក៏បានត្រឡប់មកសម្រាកនៅវត្តព្រៃឆ្លាក់ ដែលជាកន្លែងជនរងគ្រោះមកសុំព្រះសង្ឃស្នាក់នៅសិក្សារយៈពេល1ឆ្នាំមកហើយជាធម្មតា ស្រាប់តែព្រឹកឡើងឃើញដេកស្លាប់បែបនេះតែម្តង។

ព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់ បានមានថេរដីកាថា ជនរងគ្រោះឈ្មោះគង់ និវឌ្ឍ បានមកស្នាក់នៅក្នុងវត្តព្រៃឆ្លាក់នេះ រយៈពេល1ឆ្នាំមកហើយ ដើម្បីរៀនសូត្រនៅសាលាគរុកោសល្យ និងវិក្រិតការខេត្ត ហើយនៅយប់ថ្ងៃទី20 ខែសីហា ឆ្នាំ2019 ក្រោយពេលត្រឡប់មកពីធ្វើការងារជាអប្បមាទវិញ នៅវេលាម៉ោងប្រមាណជា10យប់ ជនរងគ្រោះបានចូលដេកជាមួយព្រះសង្ឃ កូននេនតូចៗ និងកូនសេកលោកមានគ្នា5នាក់។

លុះព្រឹក ឡើងម៉ោងជិត7ព្រឹក ព្រះសង្ឃសាមណេបានតើនឡើង ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក៏នាំគ្នាឆោឡោ និងពិតមកព្រះអង្គដែលជាចៅអធិការតែម្តង។

លោកវរសេនីយ៍ឯក មុំ សារ៉ុន ប្រធានការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ការពិនិត្យធ្វើកោសល្យវិច្ច័យរបស់ក្រុមគ្រូពេទ្យ ឃើញថាជនរងគ្រោះស្លាប់ដោយខ្យល់គរ  បណ្តាលឱ្យគាំងបេះដូងស្លាប់។

នៅទីតាំងកើតហេតុ បន្ទាប់ពីទទួលបានដំណឹងដ៏សោកសៅខាងលើ គេឃើញមានក្រុមគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រិតការខេត្តស្វាយរៀង ចំនួន45នាក់ (ស្រី30នាក់) ដែលកំពុងសិក្សាជាមួយជនរងគ្រោះបានមកជួបជុំគ្នានៅខាងមុខកុដដែលកើតហេតុ ហើយបានបញ្ចោញអារម្មណ៍សោកស្តាយ ជនរងគ្រោះដែលជាសិស្សរួមជំនាន់និងបានធ្វើការស្ម័គ្រចិត្តបម្រើការងារជាអប្បមាទនៅក្រុងស្វាយរៀង ហើយបាននិយាយទាំងទឹកភ្នែកថា ពួកនាងមិនអាចទទួលយកបានទេ ដោយជនរងគ្រោះដែលជាមិត្តល្អរួមការងារបានស្លាប់ភ្លាមៗដូចឆាប់ពេកហើយ។

ដោយឡែក លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្ញើសារលិខិតរំលែកទុក្ខមួយផងដែរ ផ្ញើជូនក្រុមគ្រួសារគរុសិស្ស គង់ និវឌ្ឍ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

តាងនាមថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលនិងក្តីសោកស្តាយយ៉ាងក្រៃលែង ដោយទទួលដំណឹងដ៏អកុសលបំផុតពីមរណៈភាពរបស់លោកគង់ និវឌ្ឍ ជាគរុសិស្សរៀនឆ្នាំទី1 សាលាគរុកោសល្យនិងវិក្រឹត្យការខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី 20 ខែសីហា ឆ្នាំ2019។

គរុសិស្សគង់ និវឌ្ឍ បានចូលរួមបំពេញភារកិច្ចជាសមាជិកជំនួយការអប្បមាទនៅមណ្ឌលប្រឡងវិទ្យាល័យស្វាយជ្រំសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង19សីហា 2019 ហើយបានចូលរួមចំណែកយ៉ាងធំធេងដល់ភាពជោគជ័យនៃការប្រឡង។ មរណភាពរបស់គរុសិស្សគង់ និវឌ្ឍ ជាការបាត់បង់កុលបុត្រគំរូមួយរូបដែលជាអនាគតមន្ត្រីអប់រំដែលបានលះបង់កម្លាំងកាយចិត្តនិងបញ្ញាប្រកបដោយស្មារតីវិជ្ជាជីវៈបម្រើការងារក្នុងបុព្វហេតុសង្គមកម្ពុជាទាំងមូល។

ខ្ញុំសូមបួងសួងជូនដល់វិញ្ញាណក្ខន្ធ គរុសិស្ស គង់ និវឌ្ឍ បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តន៍ កុំបីឃ្លៀងឃ្លាតឡើយ។

សូមក្រុមគ្រួសារ ញាតិសន្តាន និងមិត្តភក្តិ ទាំងអស់នៃសពទទួលនូវការស្រឡាញ់រាប់អានបំផុតពីខ្ញុំ…។

សាកសពយុវជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ឯស្រុករមាសហែក ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES