ខេត្តព្រះសីហនុ ៖ បុរសជាជនជាតិចិន១ក្រុមមានគ្នា៤នាក់ បាននាំគ្នាដើរសំដៅចូលទៅក្នុងកាស៊ីណូមួយកន្លែង បំណងចូលទៅលេងហ្គេមបាញ់ត្រី តែត្រូវបានក្រុមសន្តិសុខធ្វើការហាមឃាត់មិនឱ្យចូល ជាហេតុធ្វើឱ្យកើតជាជម្លោះតឹងសរសៃកដាក់គ្នា រហូតភាគីជនដៃដល់បានដកកាំភ្លើងខ្លី១ដើម បាញ់សំដៅចូលកាស៊ីណូចំនួន៤គ្រាប់ បណ្តាលឱ្យបុរសជនជាតិចិនម្នាក់ដែលជាភ្ញៀវក្នុងកាស៊ីណូទទួលរងរបួសធ្ងន់ (ធ្លាយចង្កេះ) រីឯក្រុមជនដៃដល់បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។

ជនរងគ្រោះនិងក្រុមជនដៃដល់សុទ្ធតែមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា សុទ្ធតែជាជនជាតិចិនដូចគ្នា។

ករណីផ្ទុះអាវុធបណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ខាងលើនេះ បានកើតឡើងកាលពីវេលាជិតពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចកាស៊ីណូទ្រព្យសម្បត្តិ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កំពុងបន្តបើកការស្រាវជ្រាវរកមុខរកជនដៃដល់ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់។

យោងតាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា តាមការពិនិត្យកាមេរ៉ាសុវត្ថិភាពឃើញថា ជនបង្កហេតុដែលផ្ទុះអាវុធនេះបង្កឡើងដោយជនជាតិចិន១ក្រុម មានគ្នា៤នាក់ និងថាហេតុការណ៍នេះកើតឡើង ក្រោយពេលក្រុមជនដៃដល់បម្រុងចូលទៅលេងហ្គេមបាញ់ត្រីក្នុងកាស៊ីណូនោះ ប៉ុន្តែត្រូវបានរារាំងហាមឃាត់ពីក្រុមសន្តិសុខ មិនឱ្យក្រុមជនដៃដល់ចូលទៅក្នុងកាស៊ីណូ ទើបកើតជាជម្លោះហើយជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក ក៏ដកកាំភ្លើងខ្លីបាញ់៤គ្រាប់ចូលទៅក្នុងកាស៊ីណូ។

ក្រោយបាញ់រួចក្រុមជនដៃដល់ក៍នាំគ្នារត់គេចខ្លួន ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ ក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗដែរ៕
