ភ្នំពេញ ៖ បុរស២នាក់ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយទទួលពាក្យបណ្តឹងថា បុរសទាំង២នាក់បានកិបកេងលុយក្រុមហ៊ុន HSC Beverages Co.,Ltd (OISHI) ជាង២លានដុល្លារ។

បុគ្គលទាំង២រូបដែលត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសុង សាក់លី តួនាទីជាអ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន HSC Beverages Co.,Ltd (OISHI) ត្រូវចាប់ខ្លួននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។ និងទី២-ឈ្មោះសម រតនៈ តួនាទីជាប្រធានគណនី ក្រុមហ៊ុន HSC Beverages Co.,Ltd (OISHI) ត្រូវចាប់ខ្លួនកាលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩កន្លងទៅ។
សមត្ថកិច្ចបានបញ្ជាក់ថា ការចាប់ខ្លួនបុរសទាំងពីររូបខាងលើនេះត្រួវបានឡើងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន HSC Beverages Co.,Ltd (OISHI) ដោយក្រុមហ៊ុនបានសង្ស័យនិងរកឃើញថា ចាប់តាំងពីឆ្នាំ២០១៧ ក្រុមហ៊ុនបានបាត់បង់ប្រាក់ចំណេញប្រមាណជាង២លានដុល្លារ។

មុនឈានដល់ការដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ បុគ្គលឈ្មោះសុង សាក់លី និងឈ្មោះសម រតនៈ ព្រមទាំងអ្នកផ្សេងទៀតផងដែរ ដែលពាក់ព័ន្ធក៏បានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនដើម្បីធ្វើសវនកម្មផ្ទៃក្នុង ប៉ុន្តែក្រោយធ្វើកិច្ចសន្យាបុគ្គលទាំង២នាក់នេះ បានព្យាយាមគេចវេសមិនព្រមចូលខ្លួននោះឡើយ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕