Monday, November 24, 2025
Homeព័ត៌មានជាតិមិនបានជួយអី សូមកុំឲ្យម្តាយទឹកភ្នែក រហូតឈានដល់ធ្វើរឿងបែបនេះ

មិនបានជួយអី សូមកុំឲ្យម្តាយទឹកភ្នែក រហូតឈានដល់ធ្វើរឿងបែបនេះ

ភ្នំពេញ ៖ ស្ត្រីម្នាក់ព្រោះតែតូចចិត្តនឹងរឿងប្រដៅកូនរបស់ខ្លួនមិនស្តាប់តាមបង្គាប់ ខំចិញ្ចឹមតាំងពីតូចរហូតដល់ធំឱ្យចូលសាលារៀនសូត្របានចេះដឹងនឹងគេ ស្រាប់តែកូនប្រុសដើរផ្លូវខុសសេពគប់មិត្តភក្តិមិនល្អ រហូតធ្លាក់ខ្លួនញៀនថ្នាំធ្វើឱ្យស្ត្រីជាម្តាយឈឺចិត្តស្អិតទ្រូងដើរទ្រហោយំតាមផ្លូវ រហូតដល់ស្ទុះរត់ចូលឡានបំណងឱ្យរថយន្តបុកសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋនិងសន្តិសុខជួយឃាត់ទាន់។

ហេតុការណ៍នេះបានបង្កពីការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅតាមផ្លូវព្រះនរោត្តម មុខស្ថានីយប្រេងឥន្ធនៈសូគីមិច ជាប់សណ្ឋាគារតាយម៉េង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ស្ត្រីជាម្តាយដែលទ្រហោយំកណ្តាលផ្លូវ បានរៀបរាប់ដោយសុំមិនបញ្ចោញឈ្មោះថា ក្នុងនាមគាត់ជាម្តាយបានប្រឹងប្រែងខ្លាំងណាស់ដើម្បីរកប្រាក់កាសមកចឹញ្ចឹមកូនតាំងពីតូចរហូតដល់ធំ នំចំណីអ្វីឆ្ងាញ់ក៏មិនហ៊ានហូបខ្លួនឯងផង លុយរកមកបានទាំងប៉ុន្មានសម្រាប់តែចឹញ្ចឹមកូននិងឱ្យកូនចូលរៀនសូត្របានចេះដឹងនឹងគេ តែបែរជាដល់ពេលកូនធំបានរៀនចេះដឹង កូនដើរលេងសេពគប់នឹងមិត្តភក្តិផ្តេសផ្តាស រហូតញៀនថ្នាំទៅវិញ។

ក្រោយពីមានព្រឹត្តិការណ៍ភ្ញាក់ផ្អើលនេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ ចុះមកសាកសួរ រួមទាំងមានបុរសម្នាក់ទៀតដើរចេញមកជួយលួងលោម និងធ្វើការអប់រំកុំឱ្យស្ត្រីខាងលើនេះគិតខ្លីធ្វើអំពើឆោតល្ងង់បែបនេះតទៅទៀត។

ជាមួយគ្នានេះ សមត្ថកិច្ចនិងប្រជាពលរដ្ឋបានណែនាំឱ្យស្ត្រីជាម្តាយ គួររកវិធីស្រោចស្រង់តម្រែតម្រង់កែលម្អជីវិតញៀនថ្នាំរបស់កូនដោយទឹកចិត្តអាណិតស្រឡាញ់ និងមនោសញ្ចោតនាក្នុងនាមជាម្តាយឪពុក ប្រកបដោយព្រហ្មវិហាធម៌វិញ ព្រោះមិនទាន់ហួសពេលទេ  សង្ឃឹមថា កូនរបស់គាត់នឹងបានកែខ្លួនត្រឡប់មកធ្វើជាកូនល្អសម្រាប់គ្រួសារវិញ និងធ្វើជាមនុស្សល្អសម្រាប់សង្គមជាតិ៕

RELATED ARTICLES