ក្រុងព្រះសីហនុ៖ ក្រុមគ្រួសារ១ មានគ្នា៣នាក់ ត្រូវបានពុលស្លាប់ប្តីនិងកូនស្រី ចំណែកម្តាយរងរបួសធ្ងន់ ត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ជំហានដំបូងថា ការពុលនេះ អាចកើតឡើងដោយមនុស្សក្នុងក្រុមគ្រួសារនេះ ដាក់សម្លាប់ក្រុមគ្រួសារខ្លួនឯង។

ហេតុការន៍ដ៏រន្ធត់នេះបានកើរឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្រុម៧ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ម្តុំជិតផ្សារពាណិជ្ជកម្ម។

ក្រុមគ្រួសារដែលពុលស្លាប់នេះ បុរសជាប្តីមានឈ្មោះ លី ខេង អាយុ៤៣ឆ្នាំ មុខរបរអ្នកម៉ៅការសំណង់ (ស្លាប់), កូនស្រីឈ្មោះ លី សុីវឈីង អាយុ១២ឆ្នាំ មុខរបរសិស្ស (ស្លាប់) ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះ មុឹង ចាន់ផល អាយុ ៤១ មុខរបរអ៊ុតសក់ (កំពុងសង្គ្រោះបន្ទាន់)។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានថា មានក្រុមគ្រួសារ១ក្រុមមានគ្នា៣នាក់ បានពុលស្លាប់។ ភ្លាមនោះ សមត្ថកិច្ចបានដឹកនាំកម្លាំងចុះដល់ផ្ទះកើតហេតុ ឃើញបុរសជាប្តីនិងកូនស្រីស្លាប់បាត់ទៅហើយ ចំណែកស្ត្រីជាប្រពន្ធនៅមានដង្ហើម ក៏បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបន្តថា មូលហេតុដែលពុលស្លាប់នេះ នៅមិនទាន់ដឹងពីមូលហេតុពិប្រាកដនៅឡើយ ខណៈដែលសមត្ថកិច្ចកំពុងស្រាវជ្រាវនិងប្រមូលភស្តុតាងនៅកន្លែងកើហេតុ។

យ៉ាងណា មកដល់ព្រឹកថ្អៃទី២១ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចបានបញ្ជាក់ថា នេះគឺជាអំពើដាក់ថ្នាំពុលសម្លាប់ក្រុមគ្រួសារឯង មិនមែនជាអំពើឃាតកម្មបង្កឡើងពីភាគីផ្សេងនោះទេ និងថាបច្ចុប្បន្នសម្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្តតាមនិតិវិធី៕


