Monday, November 24, 2025
Homeព័ត៌មានជាតិម្ចាស់រត់បាត់ហើយ នៅសល់តែឈើ៨០ដុំ សមត្ថកិច្ចបង្ក្រាបបាន

ម្ចាស់រត់បាត់ហើយ នៅសល់តែឈើ៨០ដុំ សមត្ថកិច្ចបង្ក្រាបបាន

ខេត្តប៉ៃលិន ៖ កម្លាំងមន្ត្រីឧទ្យានុរក្សបានបើកប្រតិបត្តិការរុករកឃើញឈើប្រណីតជាច្រើនដុំ ដែលឈ្មួញលាក់ទុកនៅក្នុងគុម្ពោតព្រៃ និងក្នុងផ្ទះប្រជាពលរដ្ឋ ដោយបម្រុងលោតឆត្រទៅលក់ដូរបន្តនៅខេត្តបាត់ដំបង ជាលទ្ធផលមន្ត្រីជំនាញបានដកហូតឈើប្រណិតបានចំនួន៨០ដុំ ចំណែកម្ចាស់ឈើបានរត់គេចខ្លួនបាត់ស្រមោលអស់។

តាមការបញ្ជាក់ពីមន្ត្រីឧទ្យានុរក្ស បានឱ្យដឹងថា នៅក្នុងប្រតិបត្តិដ៏ក្តៅគគុកនេះបានបញ្ចប់នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចអូរស្លេវ ក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។

លោកអ៊ាវ រ៉ា ប្រធានតំបន់អភិរក្ស បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីធ្វើការស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃ រហូតឈានដល់ការរកឃើញកន្លែងលាក់ទុកឈើនេះដែរ ខាងលោកបានដឹកនាំមន្ត្រីឧទ្យានុរក្សចុះទៅបង្ក្រាបករណីក្រុមឈ្មួញបានលួចលាក់ឈើប្រណីតធ្នង់ចំនួន៨០ដុំ នៅក្នុងគម្ពោតព្រៃនិងផ្ទះប្រជាពលរដ្ឋ។

លោកអ៊ាវ រ៉ា បន្តថា ខាងលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាព្រៃឈើនៅក្នុងដែនតំបន់អភិរក្សប៉ុន្តែក្រុមឈ្មួញនិងប្រជាពលរដ្ឋរស់នៅក្នុងភូមិភ្នំដំបង តែងតែរកឱកាសស្ងាត់មនុស្សចូលទៅលួចកាត់ឈើក្នុងតំបន់ការពារសត្វព្រៃដោយយកទៅលក់ឱ្យឈ្មួញម្នាក់ ឈ្មោះរ៉ា រស់នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយដឹកតាមរថយន្តនាពេលយប់ស្ងាត់ខណៈកម្លាំងរបស់លោកបាននាំគ្នាត្រឡប់ទៅផ្ទះវិញ។

លោកអ៊ាវ រ៉ា បានបញ្ជាក់ថា ជួនកាលពួកគេទាំងនោះធ្វើសកម្មភាពលួចអារនិងកាត់ឈើប្រណីតក្នុងតំបន់អភិរក្ស ពេលមន្ត្រីសម្រាកមួយភ្លែត ហើយក៏លួចលាក់នៅតាមផ្ទះនិងក្បែរៗភូមិផងដែរ ហើយម៉្យាងវិញទៀតនោះអ្នកដែលលួចកាប់ឈើខាងលើ គ្មាននរណាក្រៅពីប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើនោះទេ ព្រោះអីអ្នកខ្លះចង់ឱ្យព្រៃឈើខាងលើអស់ ដើម្បីយកដីទៅដាំដុះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ុន្តែខាងលោកមិនបណ្តែតបណ្តោយឱ្យព្រៃឈើខាងលើរលាយបាត់នោះឡើយ ខណៈរដ្ឋាភិបាលកំពុងតែទប់ស្កាត់ការកាប់រានព្រៃឈើនៅទូទាំងប្រទេស។

ចំណែកលោក គឹម សុខា ប្រធានមន្ទីបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា ខាងលោកបានស្គាល់មុខសញ្ញាជនសង្ស័យខាងលើខ្លះៗហើយ គឺអ្នករស់នៅក្នុងចំណុចអូរស្លេវតែម្តង។ លោកបន្តទៀតថា ខាងលោកក៏បានរាយការណ៍ទៅថ្នាក់លើផងដែរ ដោយមុនដំបូងខាងលោកបានធ្វើការស៊ើបអង្កេតរយៈពេល១០ថ្ងៃ ខណៈអ្នករស់នៅក្នុងភូមិមានវិទ្យុទាក់ទង ហើយអ្នកខ្លះប្រើទូរស័ព្ទ ពេលឃើញក្រុមមន្ត្រីលោកចូលទៅដល់កន្លែងលាក់ទុកឈើ ។

លោកបន្ថែមថា ឈើប្រណីតទាំង៨០ដុំ ខាងលោកបានឱ្យមន្ត្រីដឹកយកទៅស្នាក់ការដើម្បីយកទៅរក្សាទុកនៅមន្ទីរបរិស្ថាន ហើយជនសង្ស័យខាងលោកនឹងសុំគោលការណ៍ព្រះរាជអាជ្ញា ដើម្បីនាំគ្នាយកទៅសួរនាំ ហើយនឹងរៀបចំសំនុំរឿងចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះព្រៃតំបន់អភិរក្សខាងលើត្រូវបានគេលួចកាប់ទន្ទ្រានស្ទើររាល់ថ្ងៃ ដោយជិតក្លាយទៅជាដីចម្ការរបស់ប្រជាពលរដ្ឋអស់ទៅហើយ ខណៈមន្ត្រីអភិរក្សខិតខំទប់ស្កាត់យ៉ាងណា ក៏មិនឈ្នះជនល្មើសនោះដែរ ដោយគេសង្ស័យមានអ្នកនៅពីក្រោយខ្នងរបស់ពួកឈ្មួញ ហើយទើបបានជាគេលួចទៅកាប់ព្រៃឈើទាំងនេះ ដែលជាតំបន់ហាមឃាត់៕

RELATED ARTICLES