ខេត្តកណ្តាល ៖ បុរសជាកម្មករសំណង់ម្នាក់ក្រោយពេលសម្រាកពីការងារបាននាំគ្នាទិញស្រាផឹកអស់កន្លះលីត្រ លុះព្រឹកឡើងត្រូវបានក្រុមការងារសំណង់ជាមួយគ្នា ប្រទះឃើញស្លាប់ក្បែរជណ្តើរក្នុងការដ្ឋាន ដោយសារធ្លាក់ពីលើអគារកំពុងសាងសង់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ជនរងគ្រោះមានឈ្មោះចាន់ ជា អាយុ៥២ឆ្នាំ មុខរបរជាងសំណង់ ធ្វើការនិងស្នាក់នៅក្នុងការដ្ឋានកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិកំពុងយ៉ន ឃុំកំពុងពោធិ ស្រុកបូរីជលសារ ខេត្តតាកែវ។
ប្រភពដដែលបន្តថា កន្លងមកជនរងគ្រោះមកធ្វើការងារជាជាងសំណង់នៅក្នុងការដ្ឋាននេះជាយូរមកហើយ រហូតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ក្រោយពីសំរាកពីការងារ មកដល់វេលាម៉ោង៩និង៣០នាទីយប់ ជនរងគ្រោះបានផឹកស្រាថ្នាំជាមួយកម្មករម្នាក់នៅក្នុងការដ្ឋានសំណង់អស់ចំនួនកន្លះលីត្រ រួចក៏ចូលសំរាករៀងៗខ្លួនទៅ។

លុះមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ មានកម្មករដែលធ្វើការជាមួយគ្នា បានហៅរកជនរងគ្រោះផឹកកាហ្វេដូចសព្វមួយដង ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅចន្លោះជណ្តើរនៅក្នុងការដ្ឋាន ក៏ផ្អើលឆោឡោទាំងព្រឹក ប្រាប់មេការនិងរាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការពិនិត្យ។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏រាយការណ៍បន្តទៅនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះមកពិនិត្យនិងធ្វើកោសល្យវិច័យ ដោយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ពីលើអគារពិតប្រាកដមែន។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕