ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានក្រុងតាខ្មៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បើកប្រតិបត្តិការបង្ក្រាបសង្វៀនមាន់ភ្នាល់ដាក់លុយមួយកន្លែង តែអ្នកញៀននឹងល្បែងបក្សីកីឡាយ៉ាងវក់វីនេះបានរត់គេចខ្លួនបាត់អស់ សល់តែអាគក១ក្បាលនិងម៉ូតូ៣គ្រឿង រឹបអូសយកមកចាត់ការនៅអធិការដ្ឋានក្រុងតាខ្មៅ។

កិច្ចប្រតិបត្តិការនេះកម្លាំងប៉ូលិសបានធ្វើឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក នៅត្រង់ចំណុចមាត់បឹង ស្ថិតនៅក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថា សង្វៀនបញ្ជល់មាន់ភ្នាល់ដាក់លុយមួយកន្លែងនេះក្រុមអ្នកញៀននឹងល្បែងតែងតែណាត់ទៅបញ្ជល់ភ្នាល់ដាក់លុយជាញឹកញាប់ ហើយចល័តចុះឡើងដើម្បីបិទបាំងពីសមត្ថកិច្ច តែត្រូវពលរដ្ឋដែលដឹងរឿងរាយការណ៍ប្រាប់ប៉ូលិសឱ្យចុះបង្ក្រាប ដោយសារតែកូនចៅនិងប្តីពួកគាត់នាំគ្នាលេងចាក់ភ្នាល់ ភ្លេចគិតការងារ រៀនសូត្រ និងរកស៊ី។

សមត្ថកិច្ចបានឱ្យដឹងដែរថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋថា មានបើកល្បែងស៊ីសងនៅក្នុងសង្វៀនជល់មាន់ភ្នាល់លុយនោះ ទើបកម្លាំងរបស់អធិការដ្ឋានក្រុង សហការនឹងកម្លាំងរបស់ប៉ុស្តិ៍ចុះទៅបង្ក្រាប តែក្រុមអ្នកលេងហាក់ដឹងមុនបានរត់គេចខ្លួនចូលទៅព្រៃ។

សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងរឹបអូសបាន មាន់គក១ក្បាល ម៉ូតូ៣គ្រឿង ម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខព្រៃវែង 1G-7369, ស្កុបពី១គ្រឿងពណ៌ស ពាក់ស្លាកលេខ 1AQ-7213, ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Q-6219 ជញ្ជីង១, បង់រុំខ្នាយ, មាន់១ដុំ និងស្តុតរុំមួយចំនួន៕