ភ្នំពេញ ៖ ហាងលក់ទូរស័ព្ទដៃស៊េរីទំនើប១កន្លែង ត្រូវបានជនសង្ស័យបានធ្វើសកម្មភាពគាស់ដំបូលចូលទៅលួចប្រមូលយកទូរស័ព្ទទំនើបៗអស់ប្រមាណ៧០គ្រឿង រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈដែលម្ចាស់ផ្ទះបានឡើងទៅសម្រាកនៅជាន់លើអស់។

ករណីចោរគាស់ដំបូលចូលលួចទូរស័ព្ទនៅក្នុងហាងលក់ទូរស័ព្ទទំនើបនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចហាងលក់ទូរស័ព្ទដៃទំនើងមួយកន្លែង យីហោជីឃាង មានទីតាំងនៅផ្ទះលេខ 7M ផ្លូវចោមចៅ ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ម្ចាស់ហាងទូរស័ព្ទខាងលើ មានឈ្មោះជី ឃាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមសម្តីជនរងគ្រោះជាម្ចាស់ហាង បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ រូបគាត់និងក្រុមគ្រួសារបានរៀបចំបិទហាងនិងបានទុកដាក់អីវ៉ាន់ស្រួលបួល រួចក៏នាំគ្នាឡើងដេកជាន់លើអស់។

រហូតមកដល់េវេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ពេលចុះមករៀបចំអីវ៉ាន់លក់ដូរវិញ ស្រាប់តែប្រទះឃើញទ្វារទូដាក់ទូរស័ព្ទចំហរ ទើបមានការសង្ស័យក៏ពិនិត្យមើល ទើបដឹងថា បាត់អស់ចំនួន៧០គ្រឿងទៅហើយ និងប្រទះឃើញមានស្នាមគាស់ត្រង់ដំបូលហាងទៀតផង ទើបដឹងថា មានចោរគាស់ដំបូលចូលលួចទូរស័ព្ទ ក៏ប្តឹងនគរបាលអោយជួយស្រាវជ្រាវតាមចាប់ជនសង្ស័យយកផ្តន្ទាទោសតាមច្បាប់តែម្តង៕