ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូដឹកប្រពន្ធរបស់ខ្លួនដែលកំពុងមានផ្ទៃពោះ៨ខែទៅហូបអី លុះត្រឡប់មកវិញដល់មុខផ្ទះ ប្រពន្ធចុះទៅចាក់សោបើកទ្វារ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ចូលមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់ស្ត្រីជាប្រពន្ធបានសម្រេចរួចជិះគេចខ្លួន ចំណែកស្ត្រីរងគ្រោះបានដួលរបួសដៃជើង ជាហេតុធ្វើឱ្យបុរសជាប្តីខឹងសម្បាក៏ជិះម៉ូតូប្រដេញតាមក្រុមជនសង្ស័យដោយដេញតាមបណ្តើរស្រែកចោរៗបណ្តើរ ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយដេញតាមចាប់ ធ្វើឱ្យជនសង្ស័យភ័យផ្តួលម៉ូតូបោះកាបូបចោលរួចព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ម្នាក់។

ករណីឆក់កាបូបស្ត្រីមានផ្ទៃពោះ៨ខែខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចម្តុំផ្សារគីឡូលេខ៤ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។ ចំណែកជនសង្ស័យបានព្យាយាមជិះគេចខ្លួន រហូតដល់ចំណុចផ្លូវលេខ A៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ម្នាក់ ដោយដកហូតបានកាបូបរបស់ស្ត្រីរងគ្រោះត្រឡប់មកវិញផងដែរ។

ជនសង្ស័យជាចោរឆក់កាបូប ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ុយ ទ្រី អាយុ២៩ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកបក្ខពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ (កំពុងរត់គេចខ្លួនបាត់)។

ដែយាឡែក ជនរងគ្រោះជាប្តីមានឈ្មោះតែ លាងហ៊ុយ អាយុ២៨ឆ្នាំ មុខរបរលក់ដូរ រីឯប្រពន្ធកំពុងមានផ្ទៃពោះ៨ខែ សព្វថ្ងៃស្នាក់នៅម្តុំផ្សារគីឡូលេខ៤ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុរូបគាត់និងប្រពន្ធបានជិះម៉ូតូឌុបគ្នាមកពីហូបអីរួចត្រឡប់មកផ្ទះវិញ ខណៈមកដល់ចំណុចមុខផ្ទះ ប្រពន្ធគាត់ក៏ចុះទៅបើកទ្វារដោយស្ពាយកាបូបជាប់នឹងខ្លួនផង ស្រាប់តែរំពេចនោះក៏លេចមុខជនសង្ស័យ២នាក់ខាងលើ បានចូលមកធ្វើសកម្មភាពឆក់កាបូបពីប្រពន្ធរបស់គាត់ ទាំងកំពុងពពោះជាង៨ខែបានសម្រេច បណ្តាលឱ្យប្រពន្ធគាត់ដួលរលាត់ដៃជើង ភ្លាមនោះក្រុមជនសង្ស័យក៏ព្យាយាមឡើងជិះម៉ូតូគេចខ្លួន តែត្រូវគាត់ជិះម៉ូតូប្រដេញតាមពីក្រោយជាប់រហូតដោយស្រែកថាចោរៗ ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋអ្នកដំណើរនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្រះចក ខណ្ឌដូនពេញ ជួយប្រដេញតាមរហូតដល់ម្តុំក្តាន់២ ទើបជនសង្ស័យភ័យខ្លួនសម្រេចចិត្តផ្តួលម៉ូតូនិងបោះកាបូបចោល នាំគ្នារត់គេចខ្លួនតែពេលរត់ទៅដល់ផ្លូវ A៦ រ៉ារទេះភ្លើង ក៏ត្រូវសមត្ថកិច្ចតាមចាប់បានម្នាក់ ឯម្នាក់ទៀតរត់គេចខ្លួនបាត់។

ចំពោះកាបូបលុយ ត្រុវបុរសជាប្តីយកបានមកវិញ ដោយមិនបាត់បង់ទ្រព្យសម្បត្តិក្នុងកាបូបនោះឡើយ។

ដោយឡែក ជនសង្ស័យខាងលើ រួមនឹងម៉ូតូមួយគ្រឿងជាមធ្យោបាយធ្វើសកម្មភាពត្រុវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើកំណត់ហេតុប្រគល់ឱ្យសមត្ថកិច្ចខណ្ឌទួលគោក ដែលជាទីតាំងកើតហេតុចាត់ការបន្តតាមនីតិវិធី៕