Monday, November 24, 2025
Homeព័ត៌មានជាតិប្រពន្ធមេប៉េអឹមស្រុកឯកភ្នំ ថា "សប្បាយណាស់រាល់ថ្ងៃធ្វើបាបប្រពន្ធកូនហើយ ប្តឹងលែងលះទៀត អស្ចារ្យហើយលោកមហាប្តី"

ប្រពន្ធមេប៉េអឹមស្រុកឯកភ្នំ ថា “សប្បាយណាស់រាល់ថ្ងៃធ្វើបាបប្រពន្ធកូនហើយ ប្តឹងលែងលះទៀត អស្ចារ្យហើយលោកមហាប្តី”

ខេត្តត្បូងឃ្មុំ ៖ ស្ត្រីជាប្រពន្ធម្នាក់ដោយសារឈឺចាប់នឹងបុរសជាប្តី ដែលមានតួនាទីជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកឯកភ្នំ ខេត្តបាត់ដំបង លួចមានស្រីស្នេហ៍ថ្មីផ្ញើរូបឱបគ្នាមកបញ្ឈឺ ព្រមទាំងប្តឹងសុំលែងលះនាងជាប្រពន្ធដែលរៀបការពេញច្បាប់ទៀតផងនោះ ទើបនាងទ្រាំលែងបានក៏ចេញមុខទម្លាយរឿងពិតបកអាក្រាតអំពើផិតរបស់ប្តីតាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជនទូទៅតែម្តងនាពេលថ្មីៗនេះ។

ស្ត្រីជាប្រពន្ធដែលចេញមុខទម្លាយរឿងប្តីផិតនោះ មានឈ្មោះហេង វត្តី រស់នៅខេត្តត្បូងឃ្មុំ។ ចំណែកបុរសជាប្តី មានឈ្មោះណាប់ ស៊ីថា ត្រូវបានស្ត្រីជាប្រពន្ធអះអាងថា មានមុខរបរជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ស្ត្រីឈ្មោះហេង វត្តី បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា “ប្តីខ្ញុំឈ្មោះណាប់ ស៊ីថា មេបញ្ជាកាកងរាជអាវុធហត្ថស្រុកឯកភ្នំ ខេត្តបាត់ដំបង បានធ្វើបាបខ្ញុំនិងកូនខ្លាំងណាស់ កុហកបោកប្រាស់គ្រប់បែបយ៉ាងទាំងអស់សូម្បីលុយសម្រលកូនក៏គាត់មិនឱ្យខ្ញុំដែរជាលុយម្តាយខ្ញុំទាំងអស់ពេលខ្ញុំសម្រាលកូនបាន២ម៉ោងគាត់ទៅចោលខ្ញុំឱ្យងងឹតមុខដួលសន្លប់ក្នុងបន្ទប់ទឹកនៅមន្ទីរពេទ្យហៅគាត់ឱ្យត្រលប់មកមើលខ្ញុំគាត់មិនមកមើលខ្ញុំនិងកូនទេឱ្យបងស្រីគាត់មកមើលជំនួសហើយបងស្រីនោះបានធ្វើបាបខ្ញុំនិងកូនបង្ខំខ្ញុំឱ្យហូបរបស់ដែលគេតមខ្លាចទាស់យកម្ហូបត្រីងៀតខ្ញុំទុកហូបកូនខ្ចីបោះចោលទាំងអស់ធ្វើបាបបញ្ចុកទឹកដោះគោកូនខ្ញុំឱ្យឈ្លក់វក់វីរហូតដល់ឈឺធ្ងន់ចូលពេទ្យគន្ធបុប្ផាសៀមរាបទៅដល់ពេទ្យសៀមរាប បងគាត់ដេញម្តាយខ្ញុំមិនឱ្យប៉ះកូនខ្ញុំស្តីថាប្រើពាក្យធ្ងន់ៗឱ្យម្តាយខ្ញុំមុខគេឯងមើលគ្រប់គ្នា។ បងស្រីគាត់ធ្វើបាបកូនខ្ញុំវក់វីមិនឱ្យបានគេងស្រួលទេ ទាំងកូនខ្ញុំកំពុងឈឺសេរ៉ូមព្យួរនឹងច្រមុះផងដៃផងគ្មានអាណិតក្មេងដែលទើបកើតបាន៣ថ្ងៃបន្តិចសោះ។ ប្តីខ្ញុំកាន់ជើងបងស្រីគាត់មកធ្វើបាបខ្ញុំនិងកូនឱ្យលំបាកវេទនាបំផុត។

ចង់ដណ្តើមកូនខ្ញុំយកឱ្យបងស្រីគាត់ចិញ្ចឹមនៅភ្នំពេញ ខ្ញុំមិនព្រមឱ្យទើបប្តីខ្ញុំមកធ្វើបាបខ្ញុំនិងកូនយកខ្ញុំនិងកូនមកទុកចោលនៅផ្ទះម្តាយខ្ញុំនៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រួចក៏បើកឡានទៅចោលខ្ញុំរហូត។

ខ្ញុំសម្រាលកូនបាន១៥ថ្ងៃ គាត់ផ្ញើរូបឱបស្រីមកបញ្ឈឺខ្ញុំឱ្យយំឈឺចាប់ស្ទើរស្លាប់ស្ទើររស់ដល់សន្លប់ជាច្រើនលើក។

ខ្ញុំខលហៅគាត់ឱ្យត្រលប់មកមើលខ្ញុំនិងកូន ដែលកំពុងឈឺគាត់មិនមកមើលទេ គាត់ Block លេខខ្ញុំទាំងអស់ដែលខលនិងផ្ញើសារទៅគាត់។

ប្តីខ្ញុំគាត់បង្ខំម្តាយខ្ញុំឱ្យលក់ដីភូមិ ដីចម្ការលក់ផ្ទះឱ្យគាត់ដោយប្រើពាក្យ (ថាម៉ែឯង មិនលក់ បើម៉ែឯងងាប់ទៅ ខ្ញុំគង់តែលក់ចោលទេ ប្រពន្ធខ្ញុំមិនហ៊ានជាមួយខ្ញុំទេ) បង្ខំខ្ញុំឱ្យលក់កងដៃចិញ្ចៀនរបស់ដែលនៅនឹងខ្លួនខ្ញុំមានអ្វី គាត់ប្រើឱ្យខ្ញុំលក់យកលុយឱ្យគាត់ទាំងអស់។ រយៈពេល២ឆ្នាំហើយគាត់មិនដែលឱ្យលុយខ្ញុំចិញ្ចឹមកូនមួយរៀលខ្មែរទេ តាំងពីកូនកើតមកលុយសម្រាលកូនក៏ជាលុយម្តាយខ្ញុំទាំងអស់ម្តាយខ្ញុំជួយចិញ្ចឹមកូនខ្ញុំគ្រប់បែបយ៉ាង តែប្តីខ្ញុំគាត់ខំរកលុយចិញ្ចឹមម៉ែនិងបងប្អូនគាត់ គាត់គិតតែសប្បាយស្រីញីធ្វើបាបបញ្ឈឺដាក់ខ្ញុំរហូតគំរាមធ្វើបាបខ្ញុំដល់ជីវិត គាត់អាងអំណាចបុណ្យស័ក្តិគាត់ មកធ្វើបាបខ្ញុំនិងកូនគ្មានចិត្តធម៌មេត្តាអាណិតអាសូរដល់ខ្ញុំនិងកូនបន្តិចទេ កូនមិនដែលឃើញមុខឪពុកដូចកូនគេទេ”។

ស្ត្រីជាប្រពន្ធដដែលបានសរសេរបន្ថែមក្នុងគណនីហ្វេសប៊ុកដដែលថា “លោកណាប់ ស៊ីថា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាប្តីជាឪដែលចិត្តខ្មៅបំផុតធ្វើបាបខ្ញុំនិងកូនឱ្យរស់នៅលំបាកវេទនាឈឺចាប់ជាទីបំផុត អាងអំណាចបុណ្យស័ក្តិធ្វើបាបប្រពន្ធកូនគ្មានអាសូរឱបស្រីញីបញ្ឈឺឱ្យខ្ញុំទាស់សន្លប់ជាច្រើនលើកច្រើនសា ស្ទើរស្លាប់ស្ទើររស់គំរាមកំហែងដល់ជីវិត។ សប្បាយស្រីញីទាត់ប្រពន្ធកូនចោលមិនដែលឱ្យលុយចិញ្ចឹមកូនសូម្បីមួយរៀលខ្មែរ ហើយឥឡូវបែរជាមកប្តឹង ប្រពន្ធលែងលះទៀតមហាចិត្តខ្មៅជាទីបំផុត ហើយខ្ញុំនិងកូនរស់នៅលំបាកវេទនាយ៉ាងណា លោកណាប់ ស៊ីថា មិនដែលសួរសុខទុក្ខអាណិតអាសូរបន្តិចទេ មានតែផ្គើនសប្បាយ និងធ្វើបាបខ្ញុំឱ្យឈឺចាប់រហូត”។

ស្ត្រីជាប្រពន្ធ បានសរសេរបន្ថែមទៀតថា “មហាអស្ចារ្យបង្កើតកូនមកថ្ងៃខែឆ្នាំកំណើតកូនធ្វើជាមិនចាំឈ្មោះ ធ្វើជាមិនស្គាល់ ទុកប្រពន្ធកូនចោល២ឆ្នាំមិនដែលសួរសុខទុក្ខកូនមួយម៉ាត់មិនដែលឱ្យលុយមួយរៀលចិញ្ចឹមកូន គិតតែសប្បាយចិញ្ចឹមស្រីបញ្ឈឺធ្វើបាបប្រពន្ធឱ្យទាស់សន្លប់ស្ទើរស្លាប់ស្ទើររស់ឱបស្រីបញ្ឈឺប្រពន្ធទាំងសរសៃខ្ចីឱ្យទាស់សន្លប់។ នេះហើយលោកមហាប្តីមេប៉េអឹមស្រុកឯកភ្នំ បាត់ដំបង។ សប្បាយណាស់រាល់ថ្ងៃធ្វើបាបប្រពន្ធកូនហើយប្តឹងប្រពន្ធកូនលែងលះទៀត អស្ចារ្យហើយលោកមហាប្តីណាប់ ស៊ីថា។ ខ្ញុំឱបកូនយំតស៊ូចិញ្ចឹមកូន ទាំងលំបាកវេទនា លុយឱ្យចិញ្ចឹមកូន មិនដែលឱ្យទេ ២ឆ្នាំនេះ តែចំណាយពេលវេលា ចំណាយលុយបើកឡានមកប្តឹងប្រពន្ធលែងលះ ទាំងប្រពន្ធកូនគ្មានកំហុសអ្វីទាំងអស់។ គំរាម កំហែងដល់ជីវិតខ្ញុំទៀត មហាអស្ចារ្យណាស់ អាងអំណាចជាមេប៉េអឹមស្រុកឯកភ្នំ ខ្ញុំរស់នៅ លំបាកវេទនា ឱបកូនយំរាល់ថ្ងៃ ខ្លោចចិត្តអាណិត កូន ដែលគាត់កើតមកមិនដែលឃើញមុខឪពុក ចេះនិយាយ ចេះហៅប៉ា មុនគេ តែមិនដែល ស្គាល់ក្តីស្រលាញ់ បីឱបប្រលែងដូចកូនគេ។ លោកណាប់ ស៊ីថា អស្ចារ្យហើយ គិតតែសប្បាយ លើគំនរទុក្ខខ្ញុំនិងកូន”។

ស្ត្រីឈ្មោះហេង វត្តី បានបង្ហោះរូបថត របស់ប្តី ជាមួយសំណេរបន្ថែមក្នុងគណនីហ្វេសប៊ុក ដដែលថា “នេះហើយមេប៉េអឹមស្រុកឯកភ្នំ បាត់ដំបង សន្តានចិត្តមិនស្មើសត្វតិរច្ឆានតាំងពីកូនកើតមកមិនដែលផ្តល់ក្តីស្រលាញ់ឱ្យកូនទេ ពេលកូនឈឺគិតតែសប្បាយថែមទៀត។ ដណ្តើមកូនខ្ញុំយកឱ្យបងស្រីមិនបាន​មកធ្វើបាបកូនប្រពន្ធឱ្យលំបាកវេទនា”។

ស្ត្រីជាប្រពន្ធដដែលបានសរសេរបន្ថែម ដោយទាញភ្ជាប់ទៅគណនីហ្វេសប៊ុក “ខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត” ឱ្យបានជ្រាបផងដែរថា “សម្តីអីអស្ចារ្យម៉្លេះលោកមហាប្តី ណាប់ ស៊ីថា មេប៉េអឹមស្រុកឯកភ្នំ បាត់ដំបង បង្ខំឱ្យប្រពន្ធលក់គ្មានសល់កងដៃចិញ្ចៀនក្រវិលជាប់នឹងខ្លួនមានអីឱ្យលក់ទាំងអស់ យកលុយឱ្យទៅជួយម្តាយបងប្អូនគាត់ទៅវិញ ហើយមកធ្វើបាបប្រពន្ធកូនឱ្យលំបាកវេទនាហើយប្រើម្តាយក្មេកឱ្យលក់ដី លក់ផ្ទះឱ្យទៀតជារបស់ម្តាយក្មេកសោះ នេះហើយដែលថារស់នៅក្បែរគ្នាមិនយល់ចិត្តគ្នា ប្តីចិត្តក្បត់មុខក្រោយគ្មានអាណិតអាសូរប្រពន្ធកូនបន្តិចទេ”។

ទោះជាយ៉ាងណា ជុំវិញការបកអាក្រាតចោទប្រកាន់របស់ស្ត្រីដែលអះអាងជាប្រពន្ធខាងលើនេះ “នគរធំ” មិនដឹងថាជាការពិតឬយ៉ាងណាទេ ដោយសារមិនអាចទាក់ទងសុំការបកស្រាយបំភ្លឺពីលោកណាប់ ស៊ីថា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឯកភ្នំ បានកាលពីម្សិលមិញ៕

RELATED ARTICLES