Monday, November 24, 2025
Homeព័ត៌មានជាតិលោកតាវុិចទ័រ បារម្ភរឿងមួយនេះខ្លាំងណាស់ កោះហៅនាយតាក់សុី និងនាងភីម ប្រជុំជាបន្ទាន់

លោកតាវុិចទ័រ បារម្ភរឿងមួយនេះខ្លាំងណាស់ កោះហៅនាយតាក់សុី និងនាងភីម ប្រជុំជាបន្ទាន់

លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ បានសារភាពថា លោកមានការបារម្ភខ្លាំងចំពោះនាយតាក់ស៊ី និងអតីតប្រពន្ធ ពេលដែលឡើងឆាកជាមួយគ្នាក្រោយពេលពួកគេចែកផ្លូវគ្នានោះ ខ្លាចតែមានការសម្តែងមិនស៊ីចង្វាក់គ្នា ហេតុនេះហើយលោកនឹងកោះប្រជុំហៅនាយតាក់ស៊ី និងនាងភីម ឱ្យជួបគ្នាជាមុនសិនមុនឡើងឆាកដើម្បីកុំឱ្យមានបញ្ហាជាមួយគ្នា។

លោកសុវណ្ណ រិទ្ធី ហៅលោកតាវុិចទ័រ

លោកតាវ៉ិចទ័រ ថ្លែងថា “ខ្ញុំមានការបារម្ភរឿងហ្នឹងមែន ! ប៉ុន្តែខ្ញុំនឹងហៅពួកគេមកជួបជុំគ្នាជាមុនសិនមុនឡើងឆាក ដើម្បីកុំឱ្យពួកគេមានបញ្ហាជាមួយគ្នា”។

លោកតាវ៉ិចទ័រ ដែលជាអ្នកដឹកនាំក្រុមកំប្លែងនៅ CTN បានសម្តែងការអាណិតអាសូរចំពោះនាយតាក់ស៊ី យ៉ាងខ្លាំង នៅពេលដែលនាយតាក់ស៊ី បានលាចាកសិក្ខាបទហើយមករកអាជីពកំប្លែងសាជាថ្មីដោយសារស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ និងជំងឺទឹកនោមផ្អែមកាន់តែធ្វើទុក្ខខ្លាំងនោះ។

ប៉ុន្តែយ៉ាងណា ឪពុកតារាកំប្លែងវ៉ាន់ នីឡា រូបនេះ អះអាងថា លោកនៅមិនទាន់អាចសន្និដ្ឋានបានទេថា តើនាយតាក់ស៊ី សម្តែងល្អដូចដើមឬយ៉ាងណា។ ដោយឡែកចំពោះរឿងចែកផ្លូវគ្នាជាមួយនាងភីម នោះ ក៏លោកមិនដឹងមូលហេតុដែរ ប៉ុន្តែរឿងទាំងអស់នោះគឺជាការពិត។

លោកតាវ៉ិចទ័រ បន្ថែមថា “ជីវិតរបស់នាយតាក់ស៊ី នៅពេលនេះគឺចាប់ផ្តើមសាជាថ្មី។ គាត់គ្មានអីទៀតទេ គាត់មានតែអីវ៉ាន់ ១វ៉ាលិសហ្នឹង។ រឿងគាត់បែកបាក់ជាមួយនាងភីម នោះគឺជាការពិត”។

លោកតាវ៉ិចទ័រ បានបន្តទៀតថា “ចំពោះរឿងថានាយតាក់ស៊ី អាចសម្តែងកំប្លែងបានល្អដូចដើមឬយ៉ាងណានោះ ខ្ញុំមិនទាន់អាចនិយាយបានទេព្រោះមនុស្សយើងទេពកោសល្យនៅលើសុខភាពបើសុខភាពយើងល្អ គឺយើងសម្តែងបានល្អហើយ។ ចំពោះនាយតាក់ស៊ី វិញ គាត់នៅមានជំងឺ។ ប៉ុន្តែខ្ញុំត្រូវតែទទួលយកគាត់វិញព្រោះគាត់ចាត់ទុកខ្ញុំដូចជាឪពុកអ៊ីចឹងហើយយើងបានធ្វើការជាមួយគ្នា៩ឆ្នាំមកហើយ។ ក្នុងនាមយើងជាអ្នកគ្រប់គ្រងគាត់ពីមុនបើឃើញគាត់ពិបាកហើយមិនយកគាត់វិញតើគាត់នឹងទៅជាយ៉ាងណា ?”។

លោកតាវ៉ិចទ័រ បានពន្យល់នូវហេតុផលដែលមានការលើកឡើងថា CTN មិនទទួលយកនាយតាក់ស៊ី ជាបុគ្គលិកពេញសិទ្ធិនោះដែរ ដោយលោកអះអាងថា លោកទើបទទួលយកអន្ទិតតាក់ស៊ី ឱ្យចូល CTN បាន២ថ្ងៃ អ៊ីចឹងមានពេលឯណារៀបចំឯកសារពេញសិទ្ធិបានភ្លាមៗទៅ ?

លោកសុវណ្ណ រិទ្ធី បញ្ជាក់ថា “នាយតាក់ស៊ី គាត់បានសុំច្បាប់ឈប់ពី CTN គេឱ្យគាត់ឈប់ហើយ។ នៅពេលឈប់អ៊ីចឹង បើចូលវិញត្រូវតែសរសេរពាក្យសុំចូលវិញទើបបាន ហើយបើពេលហ្នឹងខ្ញុំទើបតែទទួលនាយតាក់ស៊ី វិញ កាលពីថ្ងៃទី១៣ ខែសីហាហ្នឹង អ៊ីចឹងមានពេលឯណារៀបចំឯកសារទាន់ទៅ?”។

លោករិទ្ធី បានបញ្ជាក់ថា “CTN មានការកុងត្រាជាតារានិងកុងត្រាជាបុគ្គលិក មានន័យថា ពេលពួកគេជាបុគ្គលិកពេញសិទ្ធិហើយ បានទាំងប្រាក់ខែ និងតម្លៃខ្លួនរៀងរាល់ការសម្តែង។ ចំពោះនាយតាក់ស៊ី វិញ គាត់គង់តែក្លាយទៅជាបុគ្គលិកពេញសិទ្ធិរបស់ CTN វិញក្នុងពេលឆាប់ៗនេះទេ នៅពេលដែលបានរៀបចំបំពេញឯកសាររួចរាល់នោះ”។

លោកប៉ុល សារឿង ហៅនាយតាក់ស៊ី អាយុ៤២ឆ្នាំ បានចាប់ដៃអ្នកនាងលាប សោភ័ណ្ឌ ហៅភីម អាយុ៣១ឆ្នាំ ដោយទទួលបានចំណងដៃកូនប្រុសម្នាក់ឈ្មោះរឿង ជីវ័ន្ត អាយុ១៤ឆ្នាំ ទើបក្រោយចាប់ដៃគ្នាជាង១៥ឆ្នាំ។

នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩ នាយតាក់ស៊ី បានលាប្រពន្ធកូនទៅសាងផ្នួសនៅវត្តដងទង់ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ តែដោយសារមានជំងឺប្រចាំកាយ ទើបនាយតាក់ស៊ី បានលាចាកសិក្ខាបទវិញនៅថ្ងៃទី៥ សីហា ស្របពេលដែលជីវិតស្នេហារបស់លោកជាមួយនាងភីម ក៏ត្រូវដើរដល់ផ្លូវបំបែក។

នាយតាក់ស៊ី ថា ពេលនេះអតីតប្រពន្ធមានគូស្នេហ៍ថ្មីទៀតហើយ ដែលមុនពេលលោកសឹកនោះ នាងបានបណ្តើរម្ចាស់បេះដូងថ្មីទៅជួបលោក និងថ្វាយបង្គំលោកសុំយកគ្នាទៀតផង។ លោកមិនជំទាស់ទេ គឺមានតែសូមជូនពរឱ្យពួកគេបានសេចក្តីសុខតទៅ”

RELATED ARTICLES