ខេត្តបាត់ដំបង ៖ បុរសម្នាក់នៅសុខៗក៏បានលាឪពុកម្តាយនិងដើរលាសាច់ញាតិបងប្អូនព្រមទាំងអ្នកស្គាល់គ្នា ដោយប្រាប់ថា រូបគេចេញទៅធ្វើការឆ្ងាយហើយ ស្រាប់តែមិនបានប៉ុន្មានក៏ទាញម៉ូតូជិះចេញពីផ្ទះឯស្រុកថ្មគោល ទៅចងកសម្លាប់ខ្លួននៅស្រុកបវេល បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចចង្អើរបែក ស្ថិតក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះអាត់ សំអាង ហៅគ្នាង អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល។
តាមសម្តីបុរសឈ្មោះអាត់ អាយុ៥៥ឆ្នាំ ត្រូវជាឪពុករបស់ជនរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងប្រហែល៣រសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅសុខៗកូនប្រុសរបស់គាត់ បានមកលាពួកគាត់ជាឪពុកម្តាយ រួចក៏ដើរទៅនិយាយប្រាប់បងប្អូននិងជាងធ្វើផ្ទះថា រូបគេទៅធ្វើការហើយនៅបួរអម្ពិលប្រាំដើមហើយ តែគាត់ក៏មិនបានចាប់អារម្មណ៍ជាមួយកូនថាមានរឿងបែបនេះទេ ម៉្យាងវិញទៀតកូនរបស់គាត់ធ្លាប់ទៅមករាល់ខែថ្ងៃ ព្រោះមានផ្ទះបងប្អូននៅទីនោះផង។

បុរសជាឪពុកជនរងគ្រោះបន្តថា រហូតមកដល់វេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល ក៏មានគេទូរស័ព្ទប្រាប់គាត់ថា កូនគាត់ឈ្មោះគ្នាង បានចងកសម្លាប់ខ្លួនហើយ តែរូបគាត់ជាឪពុកនិងបងប្អូនអត់ជឿលើដំណឹងនេះទាល់តែសោះ ព្រោះបងរបស់វា (កូនរងគ្រោះ) ឈ្មោះគា ស៊ីនឿន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអង់ត្បូង ឃុំតាពូង ស្រុកថ្មគោល មកពីស្រែនៅភូមិបទរកា ឃុំខ្នាចរមាស ស្រុកបវេល ទើបតែបានជួបនៅវេលាម៉ោង៣និង៣០នាទី នៅនឹងផ្លូវចូលវត្តរូងជ្រៃ មុននេះសោះ ដូច្នេះទើបគាត់មិនជឿ លុះវេលាបន្តិចក្រោយមកក៏មានបងប្អូនមកពីខ្នាចរមាស ប្រាប់ម្នាក់ទៀតទើបគាត់ស្លុតចិត្តហើយជឿជាក់តែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច័យឃើញថា សភាពសាកសពពុំមានស្នាមរបួសអ្វីគួរឱ្យកត់សម្គាល់ឡើយ ហើយសមត្ថកិច្ចសន្និដ្ឋានថា ពិតជាចងកសម្លាប់ខ្លួនឯងមែន រួចសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
