Monday, November 24, 2025
Homeព័ត៌មានជាតិលើកចុងក្រោយហើយ!!! ថៅកែប្តឹងចាប់បុគ្គលិកខ្លួនឯង

លើកចុងក្រោយហើយ!!! ថៅកែប្តឹងចាប់បុគ្គលិកខ្លួនឯង

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រុមហ៊ុនតាន់ គឹមអេង ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ ជាមេបញ្ជាការបានចុះប្រតិបត្តិការបង្ក្រាបករណីលួច(ប្រេងម៉ាស៊ូត) និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ហើយជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះហ៊ាន រក្សា ភេទប្រុស អាយុ៣៣ឆ្នាំ តំណាងឱ្យក្រុមហ៊ុនតាំង គឹមអេង បច្ចុប្បន្នរស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបំភ្លឺថា នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខ្លួនបានទទួលទូរស័ព្ទពីសន្តិសុខយាមនៅក្រុមហ៊ុនខលមកប្រាប់ថា មានចោរចូលមកលួចបូមប្រេងពីអេស្កាវ៉ាទ័រអស់ប្រហែល១៥០លីត្រ ដោយនៅក្នុងក្រុមហ៊ុនតែងតែបាត់ប្រេងពីគ្រឿងចក្រជាញឹកញាប់ ហើយខ្លួនក៏បានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ តែម្តង។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឱ្យដឹងថា  ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងជំនាញកងរាជអាវុធហត្ថ បានចុះទៅដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដើម្បីយកមកសាកសួរ រួមមាន ទី១-ឈ្មោះឡេង ប្រសើរ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកគ្រឿងចក្រអេស្កាវ៉ាទ័រ បច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ទី២-ឈ្មោះអ៊ឹម លឹម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តដឹកគ្រឿងចក្រ បច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន១កូនថង់ បំពង់សម្រាប់ជក់គ្រឿងញៀនចំនួន១ផងដែរ។

ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចបូមប្រេងពីគ្រឿងចក្រប្រាកដមែន ហើយកន្លងមកពួកខ្លួនតែងតែលួចបូមប្រេងចេញពីគ្រឿងចក្រជាច្រើនលើកមកហើយ ដែលក្នុងប្រេងចំនួន៥០លីត្រ លក់បានតម្លៃ១២០.០០០រៀល (ដប់ពីរម៉ឺនរៀល) ហើយយកលុយដែលលក់បានទៅទិញគ្រឿងញៀនយកមកប្រើប្រាស់ ។

ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យនិងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង រួមទាំងយោងតាមការបំភ្លឺរបស់តំណាងក្រុមហ៊ុននិងសាក្សី ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទលួច(ប្រេងម៉ាស៊ូត) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES