ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវគេអះអាងថាជាជំទប់ទី១ ឃុំត្រពាំងជោរ រួមនឹងមិត្តភក្តិ៤នាក់បាននាំគ្នាចូលទៅផឹកស៊ីនៅក្នុងហាងខារ៉ាអូខេ១កន្លែង ដោយបានហៅនារីៗសាច់ខ្ចីមកអង្គុយកំដរផង លុះស្រវឹងជោកគ្រាន់តែនារីកំដរនិយាយគងសម្តីបន្តិចបន្តួច ក៏ផ្ទុះកំហឹងស្ទុះទៅទះកំផ្លៀងបណ្តាលឱ្យជាំមុខ ធ្វើឱ្យនារីរងគ្រោះកើតទុក្ខមិនសុខចិត្តរត់ទៅប្តឹងសមត្ថកិច្ចទាំងយប់។

ហេតុការណ៍ជំទប់ទី១ចូលផឹកស៊ីស្រវឹងទះកំផ្លៀងស្រីនេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចហាងខារ៉ាអូខេ១កន្លែង យីហោអូរពន្លៅ ហេងហេង KTV មានទីតាំងស្ថិតនៅភូមិអូរដង្គុំ ឃុំអមលាំង ស្រុកថ្ពង។
នារីរងគ្រោះខាងលើសុំមិនបញ្ចោញឈ្មោះនោះទេ គ្រាន់តែប្រាប់ថា នាងជាបុគ្គលិកបម្រើការងារនៅក្នុងហាងខារ៉ាអូខេខាងលើ។ ចំណែកបុរសដែលទះកំផ្លៀងស្រីនោះត្រូវបាននារីរងគ្រោះអះអាងថា គឺជាជំទប់ទី១ឃុំត្រពាំងជោរ ឈ្មោះសន សឹម។

តាមប្រភពពីនារីរងគ្រោះបានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ បុរសជាជំទប់ទី១ឃុំត្រពាំងជោរ រួមនឹងមិត្តភក្តិសរុបមានគ្នា៤នាក់បានជិះរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស RX-450 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-1069 ជារថយន្តរបស់លោកសន សឹម ដែលគេស្គាល់ច្បាស់ថាជាជំទប់ទី១ឃុំត្រពាំងជោ បានចូលទៅផឹកស៊ីនៅក្នុងហាងខារ៉ាអូខេខាងលើ បន្ទប់លេខ៧។ ពេលមកដល់ក៏បានហៅស្រាបៀរមកផឹកក្នុងមួយឈុតតម្លៃ២៦ម៉ឺនរៀល ហើយបានហៅនារីៗចំនួន៤នាក់អង្គុយកំដរដើម្បីបង្កើនការសប្បាយផងដែរ។

នារីរងគ្រោះបន្តថា លុះមួយសន្ទុះក្រោយមកនាងជាជនរងគ្រោះក៏បានដើរទៅសួរជនបង្កថា ត្រូវការថែមស្រាបៀរទៀតឬយ៉ាងណា? ស្រាប់តែជនដៃដល់ខាងលើបាននិយាយពាក្យប៉ុន្មានម៉ាត់ រួចទះកំផ្លៀងនាងបណ្តាលឱ្យជាំមុខមួយចំហៀងខាងឆ្វេង និងបង្កការភ្ញាក់ផ្អើលពេញហាងតែម្តង។

ក្រោយកើតហេតុ ភាគីទាំងសងខាងត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសាកសួរនិងដោះស្រាយសម្របសម្រួលគ្នា។
ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិន ទាន់អាចទាក់ទងសុំការបំភ្លឺពីលោកសន សឹម ជំទប់ទី១ឃុំត្រពាំងជោរ បនានៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់”