ខេត្តកំពត ៖ យុវជនម្នាក់បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងបងស្រីរបស់ខ្លួន រហូតដល់ផ្ទុះជាអំពើហិង្សាស្ទុះទៅវាយបងស្រី បណ្តាលឱ្យរងរបួស លុះឪពុកមកដល់បែរជាកាន់ជើងកូនប្រុស (ជនបង្ក) រហូតដល់ទាញគ្រាប់បែកដែលបានលាក់ទុកជាយូរមកហើយគំរាមកូនស្រីទៀតផង ជាហេតុធ្វើឱ្យនារីរងគ្រោះខឹងពេក ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ទាំងឪចាប់ទាំងប្អូនប្រុសកំណាច យកទៅចាត់ការតាមច្បាប់។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិដំណាក់ ឃុំខ្ជាយខាងជើង ស្រុកដងទង់។

នារីរងគ្រោះដែលត្រូវប្អូនប្រុសវ៉ៃ និងថែមទាំងត្រូវឪពុកគំរាមបោកគ្រាប់បែកទៀតនោះ មានឈ្មោះប៊ិន សឿ អាយុ២៣ឆ្នាំ។
ចំណែកជនបង្ក មានឈ្មោះប៊ិន យ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ដោយឡែកបុរសជាឪពុកដែលកាន់ជើងកូនប្រុសកំហូច មានឈ្មោះទេស ខ្មៅ អាយុ៥៥ឆ្នាំ មុខរបរកសិករ។ ឪពុកកូនទាំង៣ខាងលើស្នាក់នៅផ្ទះជាមួយគ្នា ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុជនដៃដល់ឈ្មោះ ប៊ិន យ៉ា បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងបងស្រី ឈ្មោះប៊ិន សឿ រួចក៏បានបង្កហិង្សាវាយដំបងស្រីទៀតផង។ លុះឪពុកមកដល់ នារីរងគ្រោះក៏បានប្រាប់ឪពុកឱ្យជួយប្រដៅប្អូនប្រុសផង ស្រាប់តែឪពុកបែរជាកាន់ជើងកូនប្រុស និងថែមទាំងយកគ្រាប់បែកយកមកគំរាមកូនស្រីទៀតផង។
ដោយសារតែទ្រាំមិនបាន ទើបនារីរងគ្រោះបានសម្រេចរាយការណ៍ប្រាប់សមត្ថកិច្ចថា ឪពុកពេលស្រវឹងម្តងៗតែងយកគ្រាប់បែកដៃដែលលាក់ទុកយកមកគំរាមកូនចៅជានិច្ច។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចស្រុកដងទង់ ក៏បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ឪពុកនិងកូនប្រុសនាំយកមកសាកសួរ ព្រមទាំងដកហូតបានវត្ថុតាង គ្រាប់បែកដៃ១គ្រាប់ទៀតផង។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចរ្ចៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕