ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីជើងល្អម្នាក់ឆ្លៀតពេលប្តីចេញទៅរកត្រីបាត់ ស្រាប់តែលបទៅជួបប្រុសសហាយដល់លើផ្ទះ លុះពេលប្តីត្រឡបមកវិញបាត់ប្រពន្ធសួរនាំអ្នកជិតខាងដឹងថា ប្រពន្ធកំពុងសម្ងំនៅក្នុងផ្ទះប្រុសសហាយក៏តាមទៅហៅប្រពន្ធឱ្យមកផ្ទះវិញ ស្រាប់តែត្រូវជនសង្ស័យជាប្រុសសហាយ រួមនឹងបងប្អូនម្នាក់ទៀតបង្ករឿងឈ្លោះ រួចព្រួតគ្នាវាយបុរសជាប្តីនឹងដំបងដែក បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន ទីបំផុតប្តីឈឺទាំងចិត្តឈឺទាំងកាយដេកពេទ្យ ចំណែកប្រុសសហាយ2នាក់បងប្អូនដេកគុក។

ហេតុការណ៍ប្តីតាមទាន់ប្រពន្ធសម្ងំរួមស្នេហ៍ជាមួយប្រុសសហាយ បែរជាធ្វើឱ្យប្រុសសហាយខឹងថា បុរសជាប្តីមករំខានក្តីសុខរបស់ខ្លួនក៏ព្រួតបងប្អូនវាយសំពងរយះក្បាលនេះ បានកើតមានការផ្អើលឆោឡោឡើងកាលពីវេលារសៀលថ្ងៃទី12 ខែសីហា ឆ្នាំ2019 នៅចំណុចផ្ទះបណ្តែតទឹកមួយកន្លែង ស្ថិតក្នុងភូមិចុង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ជនរងគ្រោះជាប្តីមានឈ្មោះឡេ យ៉ាំងជី អាយុ31ឆ្នាំ ជាជនជាតិវៀតណាម មុខរបរនេសាទ។ ចំណែកស្ត្រីជាប្រពន្ធជើងល្អមានឈ្មោះង្វៀង ធីកុក អាយុ26ឆ្នាំ មុខរបរនេសាទ។ ប្តិប្រីពន្ធទាំង2នាក់ខាងលើ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។
ចំណែកជនដៃដល់2នាក់បងប្អូន រួមមាន ទី1-ឈ្មោះ លីន និងទី2-ឈ្មោះយឿង ជាជនជាតិវៀតណាម រស់នៅក្នុងផ្ទះបណ្តែតទឹកក្នុងភូមិសង្កាត់កើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា កន្លងមកប្តីប្រពន្ធទាំង2នាក់ខាងលើ រស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេតែងកើតមានជម្លោះជាប់ជាប្រចាំ ដោយសារតែបុរសជាប្តីតាមដានដឹងថា ប្រពន្ធមានចិត្តមិនស្មោះត្រង់កំពុងលួចលាក់មានប្រុសសហាយ ប៉ុន្តែតាមមិនទាន់ចាប់ភ័ស្តុតាងមិនដែលបានសោះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី12 ខែសីហា ឆ្នាំ2019 ក្រោយពីហូបបាយថ្ងៃត្រង់រួច បុរសជាប្តីក៏បានចេញទៅរកត្រីបាត់ដូចសព្វដងលុះគ្រាន់តែប្តីចេញផុតពីផ្ទះ ស្រាប់តែស្ត្រីជាប្រពន្ធជើងល្អក៏បានលបចេញទៅជួបប្រុសសហាយដល់លើផ្ទះបណ្តែតទឹក (កន្លែងកើតហេតុ)។ លុះពេលប្តីត្រឡប់មកដល់ផ្ទះវិញបាត់ប្រពន្ធ សួរអ្នកជិតខាងដឹងថា ប្រពន្ធកំពុងសម្ងំនៅក្នុងផ្ទះប្រុសសហាយក៏តាមទៅដល់ ធ្វើឱ្យកើតជាជម្លោះបែកផ្សែងរហូតត្រូវប្រុសសហាយរួមដៃនឹងបងប្អូនរបស់គេម្នាក់ទៀតព្រួតគ្នាទាញដំបងដែកវាយបុរសជាប្តី បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់។

ជនរងគ្រោះឈ្មោះឡេ យ៉ាំងជី បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខ្លួនទើបនឹងត្រឡប់មកពីរាយសន្ទូចវិញ ក៏បាត់ប្រពន្ធមិនឃើញនៅផ្ទះសោះ លុះសួរអ្នកជិតខាងទើបដឹងថា ប្រពន្ធខ្លួនទៅផ្ទះប្រុសសហាយ ឮបែបនេះខ្លួនខឹងណាស់ក៏ដើរសំដៅទៅផ្ទះប្រុសសហាយរូបនោះ (ទីតាំងកើតហេតុ) បំណងហៅប្រពន្ធឱ្យត្រឡប់មកផ្ទះវិញ លុះទៅដល់ក៏កើតមានជម្លោះតឹងសរសៃកដាក់គ្នាតែម្តង។

លុះពេលឈ្លោះប្រកែកគ្នាចុះឡើងក៏ស្រាប់តែជនដៃដល់ 2នាក់បងប្អូននោះ បាននាំគ្នាព្រួតគ្នាយកដំបងដែកមកវាយខ្លួនទាំងកំរោលបណ្តាលឱ្យចំក្បាលផ្នែកខាងឆ្វេង1កន្លែង និងចំកណ្តាលក្បាលបែកហូរឈាមជោកខ្លួន ចំណែកកជើងខាងឆ្វេងក៏រងរបួសចេញឈាមនិងធ្លាក់ចូលទឹកទៀតផង តែសំណាងល្អត្រូវបានអ្នកជិតខាងជួយស្រង់ឡើងគោកទាន់ពេលនិងដឹកយកទៅពេទ្យព្យាបាលភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារឆ្នាំង និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ខ្សាម សហការគ្នាឆ្លងទូកទៅផ្ទះជនដៃដល់ និងបានឃាត់ខ្លួនជនដៃដល់ទាំង2នាក់បងប្អូន នាំយកទៅអធិការនគរបាលក្រុងកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរនិងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនស្ត្រីជាប្រពន្ធ រួមនឹងភាគីបុរសដែលទទួលរងការចោទប្រកាន់ថាជាប្រុសសហាយបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕