Monday, November 24, 2025
Homeព័ត៌មានជាតិដំណឹងល្អ!!! ពូជធុរេនដ៏ល្បីតម្លៃខ្ពស់របស់ម៉ាឡេសុី មកដល់កម្ពុជាហើយ

ដំណឹងល្អ!!! ពូជធុរេនដ៏ល្បីតម្លៃខ្ពស់របស់ម៉ាឡេសុី មកដល់កម្ពុជាហើយ

មិនត្រឹមតែប្រកាសវិនិយោគលើគម្រោងដាំដើមគ្រញូងជាចម្ការធំៗ មិនធ្លាប់មាននៅកម្ពុជាប៉ុណ្ណោះទេ ក្រុមហ៊ុនហង្សម្ចាស់ដី ដែលបានប្រកាសគម្រោងឋានព្រះឥន្ទ ក៏បានសម្រេចនាំចូលពូជធុរេនដ៏ល្បីនិងពេញនិយមនៅក្នុងទីផ្សារនៃប្រទេសម៉ាឡេស៊ី មានឈ្មោះថា “ម៉ូសាងឃីង” យកមកដាំនៅក្នុងគម្រោងចម្ការធុរេនទាំងឡាយរបស់ខ្លួនផងដែរ។

វត្តមានរបស់ពូជធុរេនដ៏ល្បី កំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមអ្នកវិនិយោគ ជាពិសេសក្រុមម្ចាស់ចម្ការដែលបានវិនិយោគទិញចម្ការធុរេនពីគម្រោងឋានព្រះឥន្ទ។

លោកហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៊ុនហង្សម្ចាស់ដី បានថ្លែងប្រាប់ថា សម្រាប់ចម្ការធុរេនដែលគម្រោង “ឋានព្រះឥន្ទ” ប្រកាសលក់ លោកនឹងជ្រើសយកពូជធុរេន “ម៉ូសាងឃីង” ដែលជាពូជដ៏ល្បីរបស់ពិភពលោក ប្រចាំនៅក្នុងប្រទេសម៉ាឡេសុី។

ជាជំហានដំបូង ក្រុមហ៊ុននឹងនាំពូជធុរេននេះ១លានដើម ដោយក្រុមការងារកំពុងចាប់ផ្ដើមដាំដុះ ដើម្បីឲ្យចាប់ពីខែសីហា ឆ្នាំ២០១៩ រហូតដល់ខែសីហា ឆ្នាំ២០២០ នឹងមានចម្ការធុរេនទ្រង់ទ្រាយធំៗ។

មូលហេតុដែលក្រុមហ៊ុនដីចម្ការរបស់លោកនាំចូលនូវពូជផ្លែធុរេនពីប្រទេសម៉ាឡេស៊ី ដ៏ល្បីនៅក្នុងពេលនេះ ក៏ព្រោះតែចង់ឲ្យប្រទេសកម្ពុជា មានទីផ្សារផ្លែធុរេនដែលមានរសជាតិឆ្ងាញ់ និងតម្លៃខ្ពស់ផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុកនិងក្រៅ​ស្រុក។

ក្រុមហ៊ុនទាំងមូលកំពុងដំណើរការដាំដុះនៅខេត្តមណ្ឌលគិរី ព្រោះតែខេត្តរបស់កម្ពុជាមួយនេះ មានតំបន់ភ្នំមានទឹកភ្លៀងហូរមកពីតំបន់ភ្នំ និងមានអាកាសធាតុស្រដៀងនឹងប្រទេសម៉ាឡេស៊ី ខណៈដែលក្រុមហ៊ុនក៏មានអ្នកជំនាញពីប្រទេសម៉ាឡេស៊ី មកពិនិត្យរួចរាល់។

ពូជធុរេននេះក៏នឹងកំណត់ដាំដុះនៅខេត្តកំពត បាត់ដំបង ខេត្តពោធិ៍សាត់ (ស្រុកក្រវ៉ាញ) និងខេត្តសៀមរាប ដោយអ្នកជំនាញកំពុងតែសិក្សាពីសណ្ឋានដីនិងអាកាសធាតុផងដែរ។

​លោកហង្ស ព្រីន្សយ៉ា ​បន្តថា រយៈពេល៥ឆ្នាំឬ៦ឆ្នាំខាងមុខ កម្ពុជានឹងមានពូជធុរេនម៉ូសាងយីង ផ្គត់ផ្គង់ក្នុងទីផ្សារទាំងក្នុងនិងក្រៅប្រទេស ដោយលោកប្រកាសថា អតិថិជនដែលវិនិយោគទិញចម្ការធុរេនពីគម្រោង “ឋានព្រះឥន្ទ” នឹងទទួលពូជធុរេនដ៏ល្បីរបស់ម៉ាឡេសុី ដែលនឹងទទួលចំណូលបានខ្ពស់នៅពេលលក់ផល។ ធុរេននេះក៏មិនខ្វះទីផ្សារនាំចេញទៅចិន ម៉ាកាវ និងសាំងហ្គាពួ ផងដែរ ដោយសារជាពូជល្បី ហើយមានតម្រូវការខ្ពស់៕

RELATED ARTICLES